ផ្ទះចល័តចំនួន ១០,០០០ ខ្នង ដែលប្រើប្រាស់សម្រាប់អ្នកស្នាក់នៅក្នុងព្រឹត្តិការណ៍ World Cup ២០២២ កំពុងដឹកជញ្ជូនទៅកាន់ប្រទេសតួកគី និង ប្រទេសស៊ីរី
យោងតាមការចេញផ្សាយរបស់ ESPN បានឲ្យដឹង ផ្ទះចល័តចំនួន ១០,០០០ ដែលប្រើប្រាស់សម្រាប់ការស្នាក់នៅក្នុងការប្រកួត FIFA World Cup ២០២២ ក្នុងប្រទេសកាតា កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសទួរគី និងប្រទេសស៊ីរី ដើម្បីធ្វើផ្ទះសម្រាប់គ្រួសារដែលផ្លាស់ទីលំនៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់ កាលពីសប្តាហ៍មុន ដែលមានមនុស្សយ៉ាងហោច ៣៧,០០០ នាក់ ត្រូវបានសម្លាប់។
គួរជម្រាបថា ផ្ទះបណ្ដោះអាសន្នទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់អ្នកដែលចូលរួមព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ឆ្នាំ២០២២ ដែលមិនអាចស្វែងរកកន្លែងស្នាក់នៅក្នុងសណ្ឋាគារ ដោយសារសណ្ឋាគារទាំងអស់ក្នុងប្រទេសមជ្ឈឹមបូព៌ាមួយនេះ គ្មានបន្ទប់ទំនេរ។
យោងតាមរបាយការណ៍ពីទីភ្នាក់ងារ AP និង ESPN នឹងមានផ្ទះចល័តប្រហែល ១០,០០០ ដែលនឹងបញ្ជូនទៅប្រទេសតួកគី និងស៊ីរី ដើម្បីផ្គត់ផ្គង់គ្រួសារដែលរងផលប៉ះពាល់ ដូច្នេះគេរំពឹងថាយ៉ាងហោចណាស់ ១.៤ លាននាក់ ដែលបានបាត់បង់ផ្ទះរបស់ពួកគេ នឹងស្នាក់នៅក្នុងផ្ទះទាំងនោះបាន។
ក្នុងចំណោមផ្ទះចល័តសរុបចំនួន ១០,០០០ ដែលនឹងត្រូវដឹកជញ្ជូនជាបណ្តើរៗទៅកាន់ប្រទេសទួរគី និងស៊ីរី នោះ ការដឹកជញ្ជូនដំបូងប្រហែល ៣៥០ ផ្ទះ ត្រូវបានគេប៉ាន់ប្រមាណថា បានទៅដល់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់មូលនិធិអភិវឌ្ឍន៍កាតា(QDF)៕