សម្ដេចតេជោ ហ៊ុន សែន សម្រេចយកមន្ទីរពេទ្យជាតិតេជោសន្តិភាព ធ្វើជាកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ខណៈការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ
ភ្នំពេញ : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចប្រើប្រាស់មន្ទីរពេទ្យជាតិតេជោសន្តិភាព ធ្វើជាកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ខណៈការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការថា ៖ « បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួត ជាពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ»។
សម្ដេចតេជោ បានបញ្ជាក់ថា ៖ «ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។ សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត»៕