Close

មន្ត្រីក្រសួងកសិកម្មស្នើឱ្យរួមគ្នាចងក្រង «សហគមន៍កសិកម្មទំនើប» ដើម្បីបញ្ចៀសបាននូវហានីភ័យ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីក្រសួងកសិកម្មស្នើឱ្យរួមគ្នាចងក្រង «សហគមន៍កសិកម្មទំនើប» ដើម្បីបញ្ចៀសបាននូវហានីភ័យ មន្ត្រីក្រសួងកសិកម្មស្នើឱ្យរួមគ្នាចងក្រង «សហគមន៍កសិកម្មទំនើប» ដើម្បីបញ្ចៀសបាននូវហានីភ័យ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិកររួមគ្នាចងក្រង«សហគមន៍កសិកម្មទំនើប» ដើម្បីទទួលបានអត្ថប្រយោជន៍ និងមានភាពរឹងមាំងបញ្ជៀសបាននូវរាល់ហានីភ័យផ្សេងៗជាពិសេសេសលើកស្ទួយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ។

ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១០ ខែមេសានេះ បានថ្លែងថា រួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ និងជាខែលការពារពុកម៉ែបងប្អូនប្រជាកសិករតូចៗ ពីរាល់ហានិភ័យ និងបញ្ហាប្រឈមនានា ដែលចង្កឹះតែមួយពិបាកនឹងទប់ទល់តែម្នាក់ឯងបាន។

ឯកឧត្តម ឃឹម ហ្វីណង់ សង្កត់ទៀតថា៖ «អត្ថប្រយោជន៍ទាំង៥នៃសហគមន៍កសិកម្មទំនើប»នឹងដោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ថែមទាំងអនុញ្ញាតឱ្យកសិករជាសមាជិកនីមួយៗ សល់ពេលវេលាសម្រាប់យកទៅបង្កើនប្រាក់ចំណូលផ្សេងៗទៀត ឬទទួលបានកម្រៃបន្ថែមពីការជួលជាកម្លាំងពលកម្មជូនសហគមន៍វិញផងដែរ ។

ឯកឧត្តម ថ្លែងថា៖«ធ្វើដូច្នេះបាន នឹងធ្វើឱ្យកសិផលកម្ពុជាមានភាពប្រកួតប្រជែងជាងមុន ទាំងលើកត្តាថ្លៃ គុណភាព និងបរិមាណ អាចបំពេញឱ្យបានទាំងតម្រូវការប្រើប្រាស់ក្នុងស្រុកជំនួសឱ្យការនាំចូលពីខាងក្រៅ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានប្រកបដោយភាពទាក់ទាញនិងឧត្តមភាពខាងផ្នែកសេដ្ឋកិច្ច។ គោលដៅចុងក្រោយ គឺមិនមានអ្វីក្រៅពីភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករនោះឡើយ»។

សហគមន៍កសិកម្មទំនើបគឺជាសហគមន៍ជោគវាសនាតែមួយ ដែលអាចជួយកសិករជាសមាជិកដែលជួបការលំបាកដូចជាលោកយាយបាន។ លក្ខណៈពិសេសមួយនៃសហគមន៍ប្រភេទនេះគឺ ផលិតរួម គ្រប់គ្រងរួម តែធ្វើការបែងចែកភាគលាភប្រកបដោយសមធម៌ ទៅតាមសមមាត្រនៃទំហំដើមទុនជាដីឬដំណាំរៀងៗខ្លួន ដោយមិនតម្រូវឱ្យសមាជិកម្នាក់ៗចាំបាច់ត្រូវតែចូលរួមធ្វើដោយផ្ទាល់នោះទេ។

សមាជិកសហគមន៍មានជម្រើសបត់បែនក្នុងការប្រើប្រាស់ពេលវេលាដែលខ្លួនមាន អាចជួលជាកម្លាំងពលកម្មឱ្យសហគមន៍វិញដើម្បីបានចំណូលបន្ថែមក៏បាន ឬយកពេលវេលាទៅធ្វើការងារអ្វីផ្សេង ដូចជាទៅធ្វើបុណ្យដូចលោកយាយក៏បាន។ អ្នកខំប្រឹងរឹតតែបានចំណូលបន្ថែមកាន់តែច្រើន ចំណែកឯអ្នកជួបការលំបាកក៏សហគមន៍អាចរ៉ាប់រងជំនួសបាន៕

អត្ថបទទាក់ទង