Close

អាកាសយានដ្ឋានសៀមរាបអង្គរស្ថិតក្នុងចំណោមព្រលានយន្តហោះចំនួន ២០ ដែលមាន Wi-Fi ល្អជាងគេ នៅលើពិភពលោក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អាកាសយានដ្ឋានសៀមរាបអង្គរស្ថិតក្នុងចំណោមព្រលានយន្តហោះចំនួន ២០ ដែលមាន Wi-Fi ល្អជាងគេ នៅលើពិភពលោក អាកាសយានដ្ឋានសៀមរាបអង្គរស្ថិតក្នុងចំណោមព្រលានយន្តហោះចំនួន ២០ ដែលមាន Wi-Fi ល្អជាងគេ នៅលើពិភពលោក

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានជាប់ជាអាកាសយានដ្ឋានមួយ ក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ២០ ដែលមានការតភ្ជាប់បណ្តាញ Wi-Fi ល្អជាងគេបំផុត នៅទូទាំងពិភពលោក ក្នុងឆ្នាំង ២០២៤។នេះ បើតាមសារព័ត៌មាន AKPនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤នេះ ។

សារព័ត៌មាននេះ បានយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអាកាសចរណ៍ Skytrax បញ្ជាក់ ថា អាកាសយានដ្ឋានសៀមរាបអង្គរ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់ទី១៩ ជាមួយនឹងពិន្ទុ ៣,៥០ នៃពិន្ទុសរុប ៥,០០ ដោយឈរនៅលេខរៀងបន្ទាប់ពីអាកាសយានដ្ឋាន Vancouver របស់ប្រទេសកាណាដា ប៉ុន្តែបាននាំមុខអាកាសយានដ្ឋាន Glasglow Prestwick របស់ចក្រភពអង់គ្លេស។

ជាមួយនឹងចំណាត់ថ្នាក់នេះ គេហទំព័រ Seasia បានឱ្យដឹងថា «ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ Wi-Fi របស់ខ្លួន និងផ្តល់ឱ្យអ្នកដំណើរនូវជម្រើសនៃការតភ្ជាប់កាន់តែប្រសើរឡើង នៅពេលឆ្លងកាត់អាកាសយានដ្ឋាននេះ»។

អាកាសយានដ្ឋាន នៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ពីរផ្សេងទៀត គឺអាកាសយានដ្ឋាន Noi Bai នៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម និងអាកាសយានដ្ឋាន Changi នៃប្រទេសសិង្ហបុរី ក៏ស្ថិតនៅក្នុងបញ្ជីនេះដែរ ដោយឈរនៅលេខរៀងទី៦ និងទី៨។

រីឯ អាកាសយានដ្ឋាន Ljubljana នៃប្រទេសស្លូវេនៀ ស្ថិតនៅកំពូលតារាង ជាមួយនឹងពិន្ទុ ៤,៤៦ រីឯអាកាសយានដ្ឋានហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន ឈរនៅលេខរៀងទី២ ជាមួយនឹងពិន្ទុ ៤,២៥ ហើយអាកាសយានដ្ឋាន Helsinki Vantaa នៃប្រទេសហ្វាំងឡង់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយទទួលបានពិន្ទុ ៤,២៤។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូង ជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខណៈអាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។

ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។ ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។

អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។

ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕

អត្ថបទទាក់ទង