តោះ! មកមើលពីប្រវត្តិកីឡាករ Thiago ដែលដណ្តើមខ្សែក្រវាត់ IPCC ជាមួយ ធឿន ធារ៉ា នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ
(ប្រដាល់) ៖ នៅសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កីឡាករប្រដាល់កម្ពុជាអ្នកលេងពូថៅដៃ ធឿន ធារ៉ា ដែលទៀបតែដណ្ដើមខ្សែក្រវាត់មួយគ្រឿងពី Thai Fight នឹងត្រូវតតាំងជាមួយអ្នកប្រដាល់ឆ្លងទ្វីបជនជាតិប្រេស៊ីល កីឡាករ Thiago នៅលើសង្វៀនប្រដាល់ Town ខេត្តស្វាយរៀង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ IPCC។
កីឡាករ Thiago មានឈ្មោះពេញថា Thiago Teixeira គឺជាជនជាតិប្រេស៊ីល មកពីទ្វីបអាម៉េរិកខាងត្បូង បច្ចុប្បន្នគេកំពុងហ្វឹកហាត់នៅក្លិបប្រដាល់ Super 8 Muay Thai នាប្រទេសថៃ។ Thiago គឺជាម្ចាស់ខ្សែក្រវាត់ស្ថាប័នធំៗជាច្រើនដូចជា WMC ៣សម័យ, WKU និង WMF Intercontinental Champion ១សម័យកាលផងដែរ។
បើនិយាយពីប្រវត្តប្រកួត អ្នកលេងមកពីប្រេស៊ីលរូបនេះ មានប្រវត្តិជោគជាំ ដោយធ្លាប់ប្រកួតសរុបចំនួន ១០៧លើក ក្នុងនោះ ឈ្នះ៨៤ ចាញ់ ២០ និងស្មើ៣ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគេធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៦លើកផងដែរ។
មុនមកជួបពូថៅដៃ ធឿន ធារ៉ា នៅទឹកដីកម្ពុជា Thiago បានយកឈ្នះកីឡាករជើងខ្លាំងមកអាល្លឺម៉ង់ Pascal Schroth ដោយពិន្ទុ។ សម្រាប់អាវុធរបស់ Thiago គឺកណ្តាប់ដៃថ្ម ដែលធ្វើឲ្យគូប្រកួតរបស់គេនៅលើសង្វៀនពិបាកនឹងទប់ខ្លាំងណាស់៕