Close

ខេត្តកំពង់ស្ពឺបានស្រូបទាញទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារពីគម្រោងបង្កើតរោងចក្រធំៗ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺបានស្រូបទាញទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារពីគម្រោងបង្កើតរោងចក្រធំៗ ខេត្តកំពង់ស្ពឺបានស្រូបទាញទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារពីគម្រោងបង្កើតរោងចក្រធំៗ

កំពង់ស្ពឺ ៖ គិតរហូតដល់បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺបានស្វាគមន៍រោងចក្រធំៗចំនួន ២២៩ រោងចក្រ ដែលបានបោះទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ និងបង្កើតការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ញាក់របស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

 

លោកបានឱ្យដឹងថា នៅទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៣៨៣ កន្លែង មានកម្មករ និយោជិតសរុបចំនួន ១៥៥,៧៦១ នាក់ ក្នុងនោះ ស្រី ១១៥,៥២២នាក់។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងចំណោមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៣៨៣ កន្លែងនេះ មានចូលរួមពី វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀក បំពាក់ និងស្បែកជើងចំនួន ១៨៩ កន្លែង មានកម្មករនិយោជិតសរុប ១៤៥, ៣៩៩នាក់ ស្រី ១១០,៨៤៣ នាក់។

លោក វ៉ី សំណាង បានឱ្យដឹងទៀតថា ក្រៅពីនេះមានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២,៥០៣នាក់ ស្រី ១០២,៨៨៥ នាក់ ដែលប្រើប្រាស់ទុនវិនិយោគសរុប ១,៧១៤,៨៣៦,០០០ដុល្លារ (ប្រមាណ ១,៧ ពាន់លានដុល្លារ)។

ដោយឡែក រោងចក្រធុនតូច និងមធ្យម និងសិប្បកម្មវិញ ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា មានចំនួន ១,១៣០មូលដ្ឋាន ទុនវិនិយោគចំនួន ២៦,៤៤៩,៩១០ ដុល្លារ (ប្រមាណ ២៦ លានដុល្លារ) ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤,៦២០ នាក់ ស្រីចំនួន ៧,៧០០ នាក់៕

អត្ថបទទាក់ទង