Close

ឯកឧត្ដមបណ្ឌិត យង់ ពៅ ៖ កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត យង់ ពៅ ៖ កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ ឯកឧត្ដមបណ្ឌិត យង់ ពៅ ៖ កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងបញ្ជាក់ថា «កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ»។

ឯកឧត្ដមបណ្ឌិត យង់ ពៅ ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ដោយផ្អែកលើលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី «ការកំណត់រកបរិមាណសូដ្យូមឌី ត្យូនីត (Na2S2O4) ឬម្សៅស នៅក្នុងគ្រឿងអាហារជ្រើសរើសមួយចំនួននៅផ្សារក្នុងប្រទេសកម្ពុជានិងផលប៉ះពាល់សុខភាព» ដែលវាគ្មិនបានធ្វើបទបង្ហាញនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅគូសបញ្ជាក់ថា «កំហាប់សូដ្យូមឌីត្យូនីត ត្រូវបានរកឃើញមានវត្តមាននៅក្នុងភាគសំណាក ដែលប្រមូលមកពីផ្សារ។

ឯកឧត្ដមបណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា «ចំពោះភាគសំណាក ដែលបានប្រមូលមកពីខេត្តនានានៅក្នុងការសិក្សានេះ សុទ្ធតែបានរកឃើញវត្តមាននៃសដ្យូមឌីត្យូនីត ផងដែរ ដែលក្នុងនោះ ភាគសំណាកដែលបានប្រមូលមានចំនួន១០ប្រភេទ ត្រូវបានរកឃើញថាមានទាំង១០ប្រភេទសុទ្ធតែមានវត្តមាន សូដ្យូមឌីត្យូនីត»។

ផ្អែកតាមលទ្ធផលនៃគម្រោងស្រាវជ្រាវខាងលើនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួនថា កម្ពុជាយើងដល់ពេលប្រកាសអាសន្ន លើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ទាំងនេះហើយ ព្រោះថា «ចំណីអាហារជាអាហារទ្រទ្រង់ជីវិត ក៏ជាថ្នាំពេទ្យ និងក៏ជាឃាតករលាក់មុខ»ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញការព្រួយបារម្ភ និងថ្លែងសង្កត់ធ្ងន់ ទៅលើការវិវត្តនៅក្នុងវិស័យនេះថា បញ្ហាសុវត្ថិភាពចំណីអាហារជាការមួយដែលត្រូវយកចិត្តទុកដាក់ ព្រោះនៅក្នុងការដឹកនាំសង្គម គេត្រូវចោទជាសំណួរថា តើគេចង់ឱ្យ ស្ថានភាពសង្គមកម្ពុជានឹងវិវត្តទៅយ៉ាងដូចម្ដេចនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ? បញ្ហាប្រើប្រាស់ម្សៅស នៅក្នុងវិស័យគីមីចំណីអាហារនៅកម្ពុជា គឺជាបញ្ហាចម្បងមួយ ដែលអាចបង្កជាផលប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសច ក៏ដូចជាវិនិយោគិន នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ ដើម្បីជំរុញសុវត្ថិភាពចំណីអាហារ ឯកឧត្ដមបណ្ឌិតក៏បានផ្ដល់អនុសាសន៍ចំនួន៤ រួមមាន ៖ ១- សមត្ថកិច្ចច្រកព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្តឹងការនាំចូល
២- អ្នកប្រើប្រាស់ (ទាំងអ្នកលក់និងអ្នកទិញ) ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានកម្រិតខ្ពស់បំផុត ៣- ត្រូវមានការជំរុញផ្សព្វផ្សាយអប់រំឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និង
៤-ត្រូវបើកទូលាយឱ្យមានមន្ទីរពិសោធន៍តាមសាកលវិទ្យាល័យឬស្ថាប័នស្រាវជ្រាវ ដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕

អត្ថបទទាក់ទង