លោកបណ្ឌិត លី ធុជ ៖ គោលដៅរបស់នាយករដ្ឋមន្ត្រី គឺមិនចង់ឃើញប្រជាជនកម្ពុជាស្លាប់និងរងរបួសឡើយ
សៀមរាប៖ លោកទេសរដ្ឋមន្រ្តី បណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា គោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺចង់ដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងមិនចង់ឃើញប្រជាជនកម្ពុជាស្លាប់និងរងរបួសឡើយ។
ការថ្លែងេរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ បែបនេះ ក្នុងពេល លោក និង លោក FAN Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលខិតខំប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងការងារនយោបាយ និងការទូត ដេីម្បីជំរុញឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ចប់នូវសោកនាដកម្មពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។

លោកបញ្ជាក់ទៀតថា «គោលដៅរបស់សម្តេចធិបតី គឺមិនចង់អោយមានសង្រ្គាម និងមិនចង់អោយប្រជាជនកម្ពុជាស្លាប់និងរបួសទេ ពោលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងចង់ឱ្យប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាព និងទទួលបានការអភិវឌ្ឍគ្រប់គ្នាៗ»។
នាឱកាសនោះដែរ លោក FAN Manjiang បានថ្លែងវាយតម្លៃខ្ពស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងប្រពៃណីរវាងកម្ពុជា និងចិន ហើយប្រទេសចិននឹងបន្តឈរជាមួយកម្ពុជាក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតទៅមុខទៀត។ ថ្មីៗនេះ ជាក់ស្តែង ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ ។
លោក FAN Manjiang បញ្ជាក់ទៀតថា ការគាំទ្រសកម្មភាពមីនមនុស្សធម៌ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ចិនមកលេីកម្ពុជា ហើយប្រទេសចិននឹងបន្តសកម្មភាពនេះ ដោយចង់ឃើញប្រជាជនកម្ពុជាទទួលបានសុខសុវត្ថិភាព និងរួចចាកផុតពីការគំរាមកំហែងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទាំងនោះក្រោយសង្រ្គាមបានបញ្ចប់។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រទេសចិន ដែលតែងតែគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះ ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ តាមរយៈសេចក្តីថ្លែងការណ៍ហ្វ៊ូសៀនដែលនឹងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ទៀតផង។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ក្រោយវិលត្រឡប់ទៅលំនៅឋាន និងការបន្តសកម្មភាពប្រចាំថ្ងៃវិញ។
ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល អាជ្ញាធរមីន បានចេញសេចក្តីណែនាំទៅគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ជំរុញចាត់វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជនភៀសសឹក ដើម្បីបង្ការ និងទប់ស្កាត់ការគ្រោះថ្នាក់ជាយកថាហេតុណាមួយបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ៕
