អ្នកជំនាញរកឃើញ ទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណចំនួន៥ ស្ថិតនៅក្នុងស្រុកឆែប
ព្រះវិហារ៖ ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO)មានការចូលរួមពី អ្នកជំនាញភូគព្ភវិទូមកពីប្រទេសបារាំង និងភូគព្ភវិទូមកពីក្រសួងរ៉ែនិងថាមពល និងបុរាណវិទូមកពីរាជបណ្ឌិត្យសភាកម្ពុជាផងដែរ បានសិក្សាស្រាវជ្រាវរកឃើញតំបន់ និងទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ។
ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បញ្ជាក់ថា នៅថ្ងៃទី ១៨ ខែកុម្ភៈ បញ្ជាក់ថា តំបន់ទី១គឺ ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០។ តំបន់ទី២គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែកនិងរ៉ែដែក និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០។ តំបន់ទី៣គឺ ឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក។
ប្រភពដដែលបន្ថែមថា៖«តំបន់ទី៤គឺ ត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល។ តំបន់ទី៥គឺ ភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ។ នៅតំបន់នេះក៏ជាការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ»។
បើតាម ក្រសួងវប្បធម៌ តំបន់យករ៉ែ និងតំបន់ផលិតលោហៈ ក្នុងស្រុកឆែប គឺជាតំបន់បេតិកភណ្ឌតែមួយគត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែង សម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរ។ បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi ជ្រលងភ្នំPhu Lon ខេត្ត Nong Khai ក្នុងប្រទេសឡាវ ខេត្ត Savannakhet និងនៅកម្ពុជា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ជុំវិញបញ្ហានេះ លោក គង់ ពុទ្ធិការ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី ១៩ ខែកុម្ភៈនេះ ប្រាប់ថាការសិក្សាដែលបានរកឃើញតំបន់ និងទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ សំខាន់ៗចំនួន៥ ផ្តោត សំខាន់ទៅលើទីតាំងស្ថានីយ៍ឡ ស្លដែក ឬលោហៈបូរាណ ស្ថិតនៅស្រុកឆែកខេត្តព្រះវិហា ដែលមាននៅសល់សំណល់ អាចម៍ដែក និងលោហៈធាតុបូរាណច្រើន ។
លោក គង់ ពុទ្ធិការ បញ្ជាក់ទៀតថា៖ « តាមឯការប្រវត្តិសាស្ត្រនានា បាននិយាយថា តំបន់ខេត្តព្រះវិហារ គឺជាតំបន់ ផលិតដែក ឬ ផលិតលោហៈ នៅក្នុងមសម័យអង្គរ ដើម្បីយកទៅធ្វើជាអាវុធ សម្រាប់ប្រើប្រាស់ ។ នៅក្នុងសម័យអង្គរនេះ ដែក មិនទាន់ត្រូវបានគេប្រើប្រាស់សម្រាប់សំណង់ទេ »។
លោក បន្ថែមថា៖« រីឯនៅសហភាពអឺរ៉ុប នៅសតវត្សទី ១៥ ដែលកាលនោះ ឧស្សាហកម្មដែក វាកើតឡើងផុសផុល បានគេយកដែកទៅធ្វើកាប៉ាល់ និងសំណង់ ។នៅសតវត្សទី ១២ នេះ ស្រុកខ្មែរ អត់មានសំណង់ណាធ្វើពីដែកទេ ។ គេយកទៅប្រើប្រាស់ជាអាវុធយុទ្ធភណ្ឌ និងសម្ភារៈប្រើប្រាស់ពីដែក»។
ទាក់ទិននឹងបញ្ហានេះដែរ ទំព័រហ្វេសប៊ុករបស់មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តព្រះវិហារ នៅថ្ងៃទី ១៧ ខែកុម្ភៈបញ្ជាក់ថា កាលពីថ្ងៃទី១០ និងទី១១ ខែកុម្ភៈឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសការិយាល័យបេតិភណ្ឌ និង សារមន្ទីរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចូលរួមជាមួយក្រុមការងារស្រាវជ្រាវរបស់សាលាបារាំងចុងបូពា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការស្រាវជ្រាវស្ថានីយស្លដែកបុរាណនៅក្នុង ភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ឈ្មោះត្រពាំងជាន់សន្លុង មានទីតាំងនៅចំនុចបង្គោលព្រំប្រទល់ព្រៃសហគម៍ក្រសាំងមានលេខនិយាមការលេខ X549261 Y1518985 មានឡស្លដែក20ទីតាំងនៅជំវិញស្ថានីយនោះ។
ប្រភពដដែលបន្ថែមថា៖«តាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញសាលាបារាំងចុងបូពារ បានអោយដឹងថាស្ថានីយនេះជាតំបន់ស្លរដែកដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តដែលធ្លាប់ធ្វើការស្លដែកតាំងពីសម័យបុរេប្រវិត្តរហូតដល់សម័យអង្គរ ជាពិសេសស្ថានីយនេះជាស្ថានីយតែមួយគត់នៅក្នុងខេត្តព្រះវិហារដែលមានស្លរលោហៈទង់ដែង»៕