ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចូលរួមកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់អតីតយុទ្ធជនជាមួយគម្រោង LASEDIII ៦១គ្រួសារ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់អតីតយុទ្ធជនជាមួយគម្រោង LASEDIII ចំនួន៦១គ្រួសារ នៅនៅវត្តតេជោសន្តិភាព (ការ៉េពីរ)ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រារព្វធ្វើនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដី។
ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីនេះ គណៈធិបតី បានជួប ស្តាប់ បញ្ហាប្រឈម សំណូមពររបស់បងប្អូនអតីតយុទ្ធជន និងបានរកដំណោះស្រាយ ដោយឈរលើនយោបាយ ឈ្នះ ឈ្នះ និងដោះស្រាយជូនទំនួលខុសត្រូវខ្ពស់ ។ ក្នុងនោះដែរ បងប្អូនអតីតយុទ្ធជនបានយល់ព្រម តាមសំណើរ និងការដោះដូរដី នៅទីតាំងចាស់ មកទីតាំងដីថ្មី សម្រាប់អាស្រ័យផល ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញបន្តដឹកនាំ សហការី ពិនិត្យអគារស្នាក់ការរបស់អតីតយុទ្ធជន ដែលកំពុងសាងសង់ថ្មី មានទំហំ ១១ម៉ែត្រ គុណ ៤.៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាលទ្ធផលបាន ៦០%ហើយ ៕