Close

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ៖ ពូជសុទ្ធផ្ការំដួលកើនផល ១៥ភាគរយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ៖ ពូជសុទ្ធផ្ការំដួលកើនផល ១៥ភាគរយ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ៖ ពូជសុទ្ធផ្ការំដួលកើនផល ១៥ភាគរយ

កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលជួបប្រជុំជាមួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីវាយតម្លៃលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថាពូជស្រូវសុទ្ធផ្ការំដួលបានកើនផល ១៥ភាគរយ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ៖ « កាលពីឆ្នាំ ២០២៣ មន្រ្តីកសិកម្មឃុំបានគាំទ្រកសិករចំនួន ២២២គ្រួសារ ឱ្យបានចូលរួមប្រើពូជសុទ្ធផ្ការំដួល»។ ឯកឧត្តមបន្តថា តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជសុទ្ធនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការកើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយស្រួលលក់ និងបានតម្លៃខ្ពស់។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ទៀតថា នៅរដូវខាងមុខ ចំនួនកសិករប្រើពូជសុទ្ធ
ទាំង ១០ឃុំ អាចកើនដល់ឡើង ១ ០០០គ្រួសារ ។ តាមរយៈលទ្ធផលនិងបទពិសោធនៅស្រុកជើងព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្កើនការជំរុញការប្រើពូជសុទ្ធឲ្យបានទូលំទូលាយទូទាំងប្រទេស តាមរយ:មន្រ្តីកសិកម្មឃុំ ដែលទើបរើសបានចំនួន ២៥០រូប និងរើសបន្ថែម ៨០០រូបទៀត នៅក្នុងឆ្នាំ២០២៤នេះ។

ជាក់ស្តែងនៅក្នុងរដូវវស្សាឆ្នាំ ២០២៣នេះ កសិដ្ឋានទួលសំរោងកំពុងផលិតពូជស្រូវផ្ការំដួលចំនួន ១៧២ហិកតា និងសែនក្រអូប០១ ចំនួន ៤០ហិកតា។ ការផលិតគ្រាប់ពូជចុះបញ្ជីនេះ កសិដ្ឋានបានទទួលគ្រាប់ពូជគ្រឹះពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ តាមរយៈការលូតលាស់របស់ដំណាំស្រូវក្នុងឆ្នាំនេះ កសិដ្ឋានអាចមានលទ្ធភាពផលិតបានគ្រាប់ពូជចុះបញ្ជីប្រភេទផ្ការំដួលប្រមាណ ៦០០តោន និងសែនក្រអូប ០១ ប្រមាណ ១៦០តោន។

ជាមួយគ្នានោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អំពាវនាវដល់សហគមន៍ផលិតពូជស្រូវ និងក្រុមហ៊ុនផលិតពូជ ដែលមានបំណងផលិតគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទផ្ការំដួល និងសែនក្រអូប ០១ សូមទៅទិញគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលជាធម្មតាមានតម្លៃ ៤០០០រៀល/គីឡូក្រាម និងលក់ជូនត្រឹមតម្លៃ ២៥០០រៀល/គីឡូក្រាមប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ការផលិតគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាការផលិតដែលត្រឹមត្រូវតាមបច្ចេកទេស និងទទួលការត្រួតពិនិត្យ និងបញ្ជាក់គុណភាពត្រឹមត្រូវពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធល្អ នឹងជួយជួយប្រជាកសិករឲ្យទទួលបានទិន្នផលស្រូវសុទ្ធ លក់បានថ្លៃ និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំកសិកម្មដែលពុំចាំបាច់មួយចំនួនថែមទៀត៕

អត្ថបទទាក់ទង