ញ៉ាក់សាច់ ! Man City ជះលុយជួលមេធាវីដែលស៊ីថ្លៃជាង ៦,០០០ ដុល្លារ ក្នុងមួយម៉ោង ដើម្បីការពាររឿងក្ដីប្រឆាំងនឹងការចោទប្រកាន់របស់ Premier League
ក្លឹបមេឃខៀវ Manchester City នឹងចំណាយលុយជួលកំពូលមេធាវីដ៏ល្បីម្នាក់ក្នុងចំណោមមេធាវីដ៏ល្បីល្បាញបំផុតក្នុងពិភពលោកដែលស៊ីថ្លៃជាង ៦,០០០ ដុល្លារអាមេរិកក្នុងមួយម៉ោង គឺលោក Lord Pannick KC ដើម្បីប្រឆាំងនឹងការចោទប្រកាន់របស់ Premier League ខណៈលោកធ្លាប់យកឈ្នះរឿងក្ដីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Boris Johnson ជុំវិញការស៊ើបអង្កេត Partygate។
មែនទែនទៅ ការជួលកំពូលមេធាវីនេះបានកើតឡើងបន្ទាប់ពីក្លឹប Man City បានរងការចោទប្រកាន់ច្រើនជាង ១០០ ករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ ហើយប្រសិនបើរកឃើញថាមានពិរុទ្ធមែននោះ ក្លឹបដែលមានម្ចាស់ជាសេដ្ឋីអារ៉ាប់មួយនេះ ប្រឈមមុខនឹងការកាត់ពិន្ទុ ឬការបណ្តេញចេញពីលីគកំពូលអង់គ្លេស Premier League តែម្ដង។
លោក Lord Pannick KC ធ្លាប់ជាអ្នកដើរតួសំខាន់ក្នុងការប្រឆាំងនឹងការសម្រេចរបស់ UEFA ជុំវិញការហាមឃាត់ Man City មិនឱ្យចូលរួមការប្រកួតកំពូលអឺរ៉ុប Champions League រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ ២០២០។ មិនតែប៉ុណ្ណោះ លោក Pannick ធ្លាប់បានផ្ដួលរដ្ឋាភិបាលរបស់លោក Boris Johnson នៅក្នុងតុលាការកំពូលទៀតផង ពាក់ព័ន្ធនឹងការបញ្ចប់សម័យប្រជុំសភាដ៏គួរឱ្យភ្ញាក់ផ្អើលកាលពី ៤ឆ្នាំមុន។
យោងតាមការចេញផ្សាយគេហទំព័រផ្លូវការរបស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ លោក Pannick នឹងគិតប្រាក់ប្រហែល ៥,០០០ ផោនក្នុងមួយម៉ោង (៦,០២២ដុល្លារ) ឬស្មើនឹង ៨០,០០០ ផោនក្នុងមួយថ្ងៃ ឬ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ដែលស្មើនឹងប្រាក់ឈ្នួលរបស់តារាឆ្នើម Kevin De Bruyne របស់ Manchester City៕