ខេត្តកំពត ទទួលភ្ញៀវបានជាង៨ម៉ឺននាក់ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក
កំពត: រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកំពតទទួលភ្ញៀវទេសចរជិតឆ្ងាយបានប្រមាណជាង ៨៤ ០០០នាក់ ក្នុងចំណោមនោះ ភ្ញៀវភាគច្រើនបានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានានៃតំបន់បណ្តុំទេសចរណ៍ទឹកឈូ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគីចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្ញៀវជាតិមានចំនួន ៨២ ៩០៧នាក់ និងទេសចរបរទេស ១ ៣២៧នាក់។
តំបន់បណ្តុំទេសចរណ៍ទឹកឈូនៅតែរក្សាបានប្រជាប្រិយភាពជាងគេ ដោយភ្ញៀវមួយភាគធំបាននាំគ្នាទៅលេងនៅទីនោះ ពិសេសឧទ្យានដងព្រែក និងមណ្ឌលកម្សាន្តដូងទេជាដើម។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះបន្ទប់ស្នាក់នៅ សម្រាប់យប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា គឺភ្ញៀវបានចូលសម្រាកពេញៗ ខណ:ដែលសេវាកម្មពុំមានការដំឡើងថ្លៃឡើយ។ ចំណែកស្ថានភាពទូទៅមានលក្ខណ:ល្អប្រសើរ ពោលគឺមិនមានបញ្ហាកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕