Close

៣ថ្ងៃ ភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ មកទស្សនាខេត្តសៀមរាប ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
៣ថ្ងៃ ភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ មកទស្សនាខេត្តសៀមរាប ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ ភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ មកទស្សនាខេត្តសៀមរាប ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

សៀមរាប៖ ក្នុងរយ:ពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តចំនួន ៣០៤.២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ២៧៦.៥៩២នាក់ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរ ទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ពាន់នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ពាន់នាក់ ប៉ុន្តែភ្ញៀវទេសចរបរទេសមានចំនួន ១៤.២៦១នាក់ ថយចុះចំនួន ៤៦,៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ២៦.៥៩២នាក់ ។

លោកបន្តថា តំបន់ទេសចរណ៍មួយចំនួនដែលមានភ្ញៀវទៅទស្សនាច្រើន រួមមាន ៖ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧ពាន់នាក់ , រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨ពាន់នាក់ , តាមដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ពាន់នាក់ និង នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ពាន់នាក់ ។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងឱកាសបិទការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប បានបញ្ជាក់ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តសៀមរាប នាឆ្នាំ២០២៣នេះ អាចវាយតម្លៃជារួមបានថា ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានប្រព្រឹត្តទៅល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឱ្យកត់សម្គាល់ឡើយ ។

ឯកឧត្តមបន្ថែមថា ស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេល មុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជា តាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធីមានលក្ខណៈល្អប្រសើរ បើទោះបីជាមានការកកស្ទះនៅតាមកន្លែងខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ចយើងបានជួយសម្រួលចរាចណ៍បានទាន់ពេលវេលា និង ដំណើរការនៃការប្រណាំងទូក “ង” ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈសប្បាយរីករាយ អធិកអធម និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ ៕

អត្ថបទទាក់ទង