ឯកឧត្តម លី ធុជ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តជូនប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីការគំរាមដោយសារមីន

មណ្ឌលគិរី៖ ឯកឧត្តម លី ធុជ អនុប្រធានទី ១ នៃអាជ្ញាធរមីន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីគំរាមកំហែងដោយសារមីន។
នេះជាការលើកឡើង ឯកឧត្តម លី ធុជ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាស ខេត្តមណ្ឌលគិរី ជាខេត្តអស់មីននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តមណ្ឌលគិរី ។
ឯកឧត្តម លី ធុជ បានបន្តថាខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ២០០២ ដោយប្រតិបត្តិករចំនួន៣ រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧.៨៨៦.៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។
ឯកឧត្តមបន្ថែមថា នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។
ឯកឧត្តម លី ធុជ ថ្លែងថា៖«ជាមួយនឹងផ្លែផ្កានៃសន្តិភាព ការងារបោសសម្អាតមីន ពិតជាបានរួមចំណែកធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម«។
ក្នុងឱកាសនោះឯកឧត្តម លី ធុជបានបន្តលើកឡើងអំពីភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា ដែលរាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង ២០០ លានដុល្លារអាមេរិក ដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាមួយនឹងភាពជោគជ័យនេះ កម្ពុជា នឹងទទួលបាននូវការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ហើយនៅឆ្នាំ២០២៤ ខាងមុខ កម្ពុជា មានកិតិ្តយសទទួលធ្វើជាប្រធាន នៃអនុសញ្ញាអូតាវ៉ា ដោយសម្រេចជ្រើសយកខេត្តសៀមរាប ជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជាង ២០០ប្រទេសចូលរួម។ ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នឹងធ្វើឱ្យគណៈប្រតិភូមកពីជាង ២០០ ប្រទេស ផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានពីកម្ពុជា ក៏ដូចជាក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជា ទៅកាន់សកលលោក។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា
ក្នុងនាមជាប្រទេសមួយធ្លាប់រងគ្រោះដោយសារសង្រ្គាម និងគ្រោះថ្នាក់ដោយសារគ្រាប់មីន កម្ពុជា ប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន ពិសេសចូលរួមក្នុងការស្វែងរកសន្តិភាពពិភពលោក ដោយប្រឆាំងនឹងសង្រ្គាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ប្រជាពលរដ្ឋលែងមានការភិតភ័យដោយសារសង្រ្គាម និងលែងមានការភ័យខ្លាចនិងគ្រោះថ្នាក់ដោយសារមីន ដោយសារតែ កម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការបោសសំអាតមីនដែលនៅសេសសល់ ព្រមទាំង មីនថ្មីក៏មិនត្រូវបានដាក់ដោយសារយើងគ្មានសង្រ្គាម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ «កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ៖« សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។ កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២ »៕