ធឿន ធារ៉ា នឹងតំណាងឱ្យកម្ពុជា ប្រកួតនៅក្នុងព្រឹត្តិការណ៍ « Kun Khmer 8 MEN Tournament»
បន្ទាប់ពីបានទទួលជ័យជម្នះយ៉ាងអស្ចារ្យនៅក្នុងការប្រកួត «សេនាគុនខ្មែរពិភពលោក» កាលពីពេលថ្មីៗនេះ ពេលនេះ កីឡាករគុនខ្មែរលំដាប់ជួលមុខ រហស្សនាមអ្នកលេងពូថៅដៃ ធឿន ធារ៉ា នឹងក្លាយជាបេក្ខភាពតំណាងឱ្យកម្ពុជា ដែលត្រូវប្រកួតនៅក្នុងព្រឹត្តិការណ៍ « Kun Khmer 8 MEN Tournament» នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
ការប្រកួត Kun Khmer 8 MEN Tournament នេះជាព្រឹត្តិការណ៍កម្រិតពិភពលោកដែលប្រមូលផ្តុំដោយអ្នកប្រដាល់ជើងខ្លាំងមកពីគ្រប់ទិសទី ដើម្បីដណ្តើមយកខ្សែក្រវាត់ទម្ងន់៧២គីឡូក្រាមជាមួយជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា ហើយវាក៏ជាពេលដែល ធារ៉ា អាចទទួលបានរង្វាន់ជាឡាន Pick Up ដ៏ថ្មីសន្លាង១គ្រឿង តម្លៃប្រមាណ ៤ម៉ឺនដុល្លារផងដែរ ពីក្រុមហ៊ុន Ganzberg ។
បើយោងទៅតាមការបញ្ជាក់របស់ស្ថាបនិក IPCC Kun Khmer លោក Tommy Kim ព្រឹត្តិការណ៍មួយនេះ នឹងមាន៨ជាតិសាសន៍ចូលរួមមានដូចជា៖ អាល្លឺម្ម៉ង់, ឆេក, ប្រេស៊ីល អឺរ៉ង់, អ៊ុយក្រែន, កម្ពុជា, ភូមា និង ចិន។ យ៉ាងណាក៏ដោយ លោក Tommy នៅមិនទាន់បានទម្លាយពីបេក្ខភាពកីឡាករបរទេសទាំង៧នាក់ ដែលនឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់៧២គីឡូក្រាមជាមួយ ធឿន ធារ៉ា នៅឡើយទេ ប៉ុន្តែលោកបានអះអាងថា អ្នកដែលមកប្រកួតនេះ សុទ្ធតែលំដាប់ជើងខ្លាំង។
បើក្រឡែកទៅមើលលក្ខខណ្ឌវិញនោះ គឺលោក Tommy Kim បានឲ្យដឹងថា៖
-កីឡាករទាំងអស់មាន៨ប្រទេស រួមទាំងកម្ពុជាផងដែរ ៨នាក់ហ្នឹង ត្រូវចាប់ឆ្នោតចូលពូល… ក្នុងមួយពូលមានកីឡាករ៤នាក់
-ប្រកួតជុំទី១ គឺកីឡាករ៨នាក់ ជម្រុះយកតែ ៤នាក់ទេ ពោលគឺចាញ់ធ្លាក់
-ប្រកួតជុំទី២ គឺកីឡាករ៤នាក់ ជម្រុះយកតែ២នាក់ទេ ពោលគឺចាញ់ធ្លាក់
-ប្រកួតជុំទី៣ គឺផ្តាច់ព្រាត់យកលេខ១។
លោក Tommy បានសង្គត់ធ្ងន់ថា៖« ក្នុងករណីដែល ធឿនធារ៉ា ប្រកួតឈ្នះ បានលទ្ធផលលេខ១ ក្រុមហ៊ុនហ្គេនបឺត នឹងថែមរង្វាន់អោយជាឡាន Pick Up ថ្មីមួយគ្រឿង ដល់រូបគេ ប៉ុន្តែក្នុងករណីដែលកីឡាករបរទេសឈ្នះលេខ១វិញ គឺទទួលបានតែប្រាក់រង្វាន់ជាលុយតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការប្រកួត 8 Man នេះគឺមានជាយូរមកហើយ អាចថាគេរៀបចំហ្នឹងតាំងពី២០ឆ្នាំមុនមកម្ល៉េះ ដូចជានៅប្រទេសថៃ និងប្រទេសជប៉ុន ហើយសូម្បីតែអតីតស្តេចប្រដាល់ខ្មែរ អេភូថង ក៏ធ្លាប់បានចូលវាយដែរ៕