យុវជនកំពុងឡើងជើង Endrick ត្រូវបានប្រេស៊ីល កោះហៅចូលក្រុមជម្រើសជាតិ ជាលើកដំបូង ត្រៀមប្រកួតជម្រុះ World Cup
ក្រុមជម្រើសជាតិប្រេស៊ីល ក្រោមការដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្ន លោក Fernando Diniz បានកោះហៅកីឡាករថ្មីចំនួន ៥នាក់ជាលើកដំបូង សម្រាប់ការប្រកួតជម្រុះ World Cup ក្នុងខែនេះ ជាមួយក្រុមជម្រើសជាតិកូឡុំប៊ី និងអាហ្សង់ទីន។
កីឡាករទាំង៥នាក់នោះរួមមាន៖ កីឡាករ Palmeiras Endrick Douglas, Luiz, Pepe, Joao Pedro និង Paulinho។ ក្រុមជម្រើសជាតិប្រេស៊ីល នឹងធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមជម្រើសជាតិកូឡុំប៊ី នៅថ្ងៃទី ១៧ ខែវិច្ឆិកានេះ ហើយបន្ទាប់មកត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ អាហ្សង់ទីន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ជុំវិញការត្រៀមខ្លួននេះ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ប្រេស៊ីល លោក Fernando Diniz បាននិយាយថា ៖«ការប្រកួតទាំងនេះគឺពិតជាពិបាក។ អាហ្សង់ទីន គឺជាជើងឯកពិភពលោក ២០២២ ពួកគេមានកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ និងកីឡាករបាល់ទាត់ដ៏អស្ចារ្យផ្សេងទៀត។ ចំណែក កូឡុំប៊ី គឺជាក្រុមមួយក្នុងចំណោមក្រុមដែលលេចធ្លោខ្លាំង នៅទសវត្សរ៍ចុងក្រោយនេះ»។
គួរបញ្ជាក់ថា ប្រេស៊ីល ឈរនៅលេខរៀងទី៣ ក្នុងតារាង មាន ៧ពិន្ទុ ស្មើគ្នាជាមួយនឹងក្រុមលេខ២ អ៊ុយរូហ្គាយ និង វេណេហ្ស៊ុយអេឡា ដែលឈរលេខ៤ តាមពីក្រោយ អាហ្សង់ទីន ដែលឈរកំពូលតារាង មាន ១២ពិន្ទុពេញ៕