Close

ក្រសួងអប់រំបើកការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ រយៈពេល ៥ ថ្ងៃ នៅខេត្តកំពង់ធំ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងអប់រំបើកការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ រយៈពេល ៥ ថ្ងៃ នៅខេត្តកំពង់ធំ ក្រសួងអប់រំបើកការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ រយៈពេល ៥ ថ្ងៃ នៅខេត្តកំពង់ធំ

កំពង់ធំ៖ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ ប្រកាស បើកការបោះជំរំកាយរឹទិ្ធប្អូនថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កុមារសតវត្សរ៍ទី២១” ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីអភិវឌ្ឍខ្លួនប្រកបដោយសក្ដានុពលពេញលេញលើបំណិនកាយសម្បទាឱ្យមានសុខភាពល្អ ។

ពិធីប្រកាសបើកការបោះជំរំនេះ មានការចូលរួមពី ឯកឧត្តម  សេរី ជំនះ រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា  និងមានការចូលរួមពី ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ថ្នាក់ដឹកកាយរឹទ្ធិជាតិកម្ពុជា តំណាងសមាគមកាយរឹទ្ធិនារីកម្ពុជា ប្រធានប្រតិភូរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូបទៀត។

គោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីឱ្យប្រតិភូកាយរឹទ្ធិ អាចអភិវឌ្ឍខ្លួនប្រកបដោយសក្ដានុពលពេញលេញលើបំណិនកាយសម្បទាឱ្យមានសុខភាពល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់ បំណិនជីវិត បំណិនច្នៃប្រឌិត មានសមត្ថភាពរស់នៅនិងធ្វើការជាក្រុម មានបំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍របស់ខ្លួន។ល។

លោក ឯម ពិសិដ្ឋ ប្រធានគ្រប់គ្រងជំរំ បានធ្វើសេចក្ដីរាយការណ៍អំពីដំណើរការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ ជាអាទិ៍ថា៖ ការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ រៀបចំឡើងស្របតាមក្របខណ្ឌអាយុរបស់កាយរឹទ្ធិប្អូន ដែលមានចន្លោះអាយុ ០៩-១១ឆ្នាំ និងមានរបៀបវារៈកម្មវិធី និងសកម្មភាពចំនួន ៣២ម៉ោង ដោយត្រូវបែងចែកចេញចង្កោមសកម្មភាពជា ២ផ្នែក៖ ផ្នែកទី១-សកម្មភាពក្នុងជំរំ (On-site Activity) និងផ្នែកទី២-សកម្មភាពក្រៅជំរំ (Off-site Activity)។ រីឯការរៀបចំសកម្មភាពសម្រាប់កុមារ ផ្ដោតលើភាពសប្បាយរីករាយ តាមរយៈចម្រៀង ល្បែងកម្សាន្ត ដំណើររុករកងាយៗ និងសកម្មភាពឆ្លងឧបសគ្គបែបសប្បាយផ្សេងៗ ដែលសមស្របនឹងសមត្ថភាពកុមារអាចធើ្វបាន។

ជំរំនេះ បានបែងចែកជា ៤អនុជំរំ ស្មើនឹង១២កង ក្នុង០១កងមាន០៤ល្បាត និង០១ល្បាតមានសមាជិក០៨នាក់ ដែលសរុបប្រតិភូកាយរឹទ្ធិប្អូន និងកាយរឹទ្ធិជំទង់មកពី ២៥រាជធានី-ខេត្ត និងយុវជនស្ម័គ្រចិត្ត ចូលរួមមានចំនួន ៤៥០នាក់។  ដើម្បីឆ្លើយតបទៅតាមប្រធានបទជំរំ “កុមារសតវត្សរ៍ទី២១” សកម្មភាពក្នុងជំរំ រៀបចំឡើងតាមទម្រង់ Bootcamp ដែលមានសកម្មភាពអនុវត្តនៅតាមទីតាំងជាក់លាក់ និងបែងចែកជាស្ថានីយសកម្មភាពបំណិនចំនួន០៤ និងស្ថានីយភូមិឧបសគ្គចំនួន០១។

ចាប់តាំងពីចាប់បដិសន្ធិឡើងក្នុងឆ្នាំ២០០៦មក កាយរឹទ្ធិជាតិកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដែលជាចលនាអប់រំក្រៅប្រព័ន្ធ ដើម្បីគាំទ្រការអប់រំក្នុងប្រព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃរាជរដ្ឋាភិបាលកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់កុមារ-យុវជន ឱ្យចូលរួមចំណែកយ៉ាងសកម្មទៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។ កាយរឹទ្ធិជាតិកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម និងត្រឹមត្រូវតាមធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង ដើម្បីចូលរួមអភិវឌ្ឍកុមារ និងយុវជនខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ ពលរដ្ឋសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងជាសមាជិកសកម្មក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍ជាតិ និងអន្តរជាតិ ដោយឈរលើមូលដ្ឋាន “រៀនដោយអនុវត្តន៍ជាក់ស្ដែង” (Learning by Doing) និងវិធីកាយរឹទ្ធិកម្ម៕

អត្ថបទទាក់ទង