Close

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៥ មានទុនសរុបជាង ៥៣ លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៥ មានទុនសរុបជាង ៥៣ លានដុល្លារ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៥ មានទុនសរុបជាង ៥៣ លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីៗចំនួន ៥ គម្រោង ដែលមានទុនវិនិយោគសរុប ៥៣,៦ លានដុល្លារ ខណៈគម្រោងវិនិយោគថ្មីៗទាំង ៥ នេះ នឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“TELCOTECH LTD.” គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។

២-“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។

៣-“BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។

៤-“PET NEW MATERIALS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៥-“MAXWILL GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង៕

អត្ថបទទាក់ទង