Close

លោក មាន សាទិ៖ ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ និងនៅរដ្ឋសភា នឹងចាប់ផ្តើមពីថ្ងៃទី១៨  ខែតុលា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
លោក មាន សាទិ៖ ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ និងនៅរដ្ឋសភា នឹងចាប់ផ្តើមពីថ្ងៃទី១៨  ខែតុលា លោក មាន សាទិ៖ ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ និងនៅរដ្ឋសភា នឹងចាប់ផ្តើមពីថ្ងៃទី១៨  ខែតុលា

ភ្នំពេញ៖ លោក មាន សាទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ និងនៅរដ្ឋសភា នឹងចាប់ផ្តើមពីថ្ងៃទី១៨  ខែតុលា ហើយបញ្ចប់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក មាន សាទិ បានមានប្រសាសន៍បែបនេះ នៅក្នុងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការបោះ-ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ។
លោក មាន សាទិ បានមានប្រសាសន៍ថា៖«ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ តែនៅពេលបញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងទីប្រជុំជនមួយចំនួនក្នុងរាជធានី ខេត្ត សម្រាប់ប្ដឹងតវ៉ា ឬប្ដឹងជំទាស់ដែលត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ថ្នាក់ គ.ជ.ប ហើយត្រូវបញ្ចប់នៅក្រុមប្រឹក្សាធម្មនុញ្ញ»។

បើតាម លោក មាន សាទិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ មណ្ឌលបោះ-ឆ្នោតត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ដែលមានអាសនៈសរុបចំនួន ៥៨ (បន្ថែម សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀតត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន)។
លោក បានបញ្ជាក់ថា៖« បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានរៀបចំនៅតាមរាជធានី ខេត្តនីមួយៗរួមមានក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រនៃរាជធានី ខេត្តនីមួយៗ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗនៃមណ្ឌលទាំង ៨ នៅទូទាំងប្រទេស»។

លោកបញ្ជាក់ទៀតថា ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីឈ្មោះដោយឡែកពីគ្នា ទៅតាមអង្គបោះ-ឆ្នោតនីមួយៗ និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងរួចអគ្គ-លេខាធិការរដ្ឋសភាចុះហត្ថលេខា និងបោះត្រាអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលមានការបញ្ជាក់ឯកភាពពីប្រធានរដ្ឋសភា រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ បញ្ជីឈ្មោះនេះ ត្រូវរៀបចំដោយឡែកពីគ្នាទៅតាមតំណាងរាស្ត្រក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្តនីមួយៗ។
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូន បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាពពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន៕

អត្ថបទទាក់ទង