Close

ខ្សែបម្រើក្រុមភ្នំពេញក្រោន កីឡាករជនជាតិជប៉ុន Yudai Ogawa ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ កីឡា
ខ្សែបម្រើក្រុមភ្នំពេញក្រោន កីឡាករជនជាតិជប៉ុន Yudai Ogawa ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ខ្សែបម្រើក្រុមភ្នំពេញក្រោន កីឡាករជនជាតិជប៉ុន Yudai Ogawa ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា

(បាល់ទាត់) កីឡាករជនជាតិជប៉ុន Yudai Ogawa សមាជិកក្លិបភ្នំពេញក្រោន ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ស្របពេលក្រុមជម្រើសជាតិកម្ពុជា មានភារកិច្ចត្រូវប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាពេលខាងមុខ។

កាលពីយប់មិញនេះ ភ្នំពេញក្រោន បានបង្កើតភាពរីករាយមួយជូនអ្នកគាំទ្របាល់ទាត់កម្ពុជា ក្រោយពីយកឈ្នះក្រុមខ្លាំងរបស់មីយ៉ាន់ម៉ា Shan United ក្នុងលទ្ធផល ៤-០។ ជ័យជំនះមួយនេះ ធ្វើទៅបានដោយសារមានការរួមចំណែកដ៏សំខាន់របស់ខ្សែបម្រើមាឌល្អិត ដែលពោពេញទៅដោយបច្ចេកទេស Yudai Ogawa។

ជាការពិតណាស់ Yudai Ogawa គឺជាខ្សែបម្រើដ៏ឆ្នើមរបស់ក្លិបភ្នំពេញក្រោន និងនៅលីគកំពូលកម្ពុជា នាពេលបច្ចុប្បន្ននេះ។ Yudai បានចាប់ផ្តើមលេងបាល់ទាត់អាជីបដំបូង ក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC សមាជិកលីគទីលំដាប់ទី២ នៃប្រទេសជប៉ុន។
លុះដល់ឆ្នាំ២០១៧ ខ្សែបម្រើពូកែស៊ុតក្រៅប្រអប់ទីមួយនេះ បានផ្លាស់ទៅលេងនៅទឹកដីអឺរ៉ុប ជាមួយនឹងក្រុម Widzew Łódź សមាជិកលីគលំដាប់ទី៤ ប្រទេសប៉ូឡូញ។ ១ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០១៨ Yudai បានប្រកបអាជីញនៅកម្ពុជា ដោយចូលរួមជាមួយក្រុមក្រសួងការពារជាតិ ដែបច្ចុប្បន្ន ប្ដូរឈ្មោះទៅជា កងយោធពលខេមរភូមិន្ទ ឬ Tiffy Army។

បន្ទាប់ពីរួមរសជាមួយក្រុមក្រសួងការពារជាតិ បានមួយឆ្នាំ ពោលគឺនៅរដូវកាល ២០១៩/២០ ខ្សែបម្រើកណ្តាលរូបនេះ បានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប អង្គរ ថាយហ្គឺរ មុនផ្ទេរមកកាន់ ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ហើយបានជួយឲ្យក្លិបឈ្នះពានរង្វាន់ជាច្រើន ពិសេសគឺឈ្នះពានលីគកំពូលកម្ពុជា និង Cambodian Super Cup ចំនួន ២ឆ្នាំជាប់គ្នា។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា កំពុងប្រមូលផ្តុំហ្វឹកហាត់ ត្រៀមវគ្គជម្រុះជុំទី១ ពានរង្វាន់ FIFA World Cup 2026 ទល់នឹងបាគឺស្ថាន នៅថ្ងៃទី១២ ខែតុលា ខាងមុននេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០នាទីយប់៕

អត្ថបទទាក់ទង