ក្នុងខែកញ្ញា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗចំនួន២៦ មានទុនសរុបជិត ២៦០ លានដុល្លារ
ភ្នំពេញ ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៣ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២៦ គម្រោង ដែលមានទុនវិនិយោគជិត ២៦០ លានដុល្លារអាមេរិក ខណៈគម្រោងទាំងនេះនឹងអាចបង្កើតការងារបានចំនួនជិត ២,៧ ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងវិនិយោគចំនួនទាំង ២៦ នេះ មានទុនវិនិយោគប្រមាណ ២៥៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២,៧០០ កន្លែង ដែលមានទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម តាកែវ ស្វាយរៀង និងខេត្ដកណ្តាល។ ក្នុងនោះខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគច្រើនជាងគេ គឺមានចំនួន ៧គម្រោង បន្ទាប់មកខេត្តស្វាយរៀងមាន ៦ គម្រោង និងរាជធានីភ្នំពេញមាន ៥ គម្រោង។
គម្រាងដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមមាន គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារសត្វចិញ្ចឹម, គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ), គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ, គម្រោងវិនិយោគកម្មន្តសាលសម្ភារធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់)។
ក្រៅពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កិម្ពុជាមានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់), គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារលម្អដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន, និងមានគម្រោងមួយចំនួនទៀត៕