Close

រដ្ឋាភិបាលកម្ពុជាសាទរចំពោះការផ្ដល់ជំនួយឡើងវិញប្រមាណ ១៨លានដុល្លារ​របស់អាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជាសាទរចំពោះការផ្ដល់ជំនួយឡើងវិញប្រមាណ ១៨លានដុល្លារ​របស់អាមេរិក រដ្ឋាភិបាលកម្ពុជាសាទរចំពោះការផ្ដល់ជំនួយឡើងវិញប្រមាណ ១៨លានដុល្លារ​របស់អាមេរិក

ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧កញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសាទរ និងថ្លែងអំណរគុណចំពោះការសម្រេចផ្ដល់ជំនួយឡើង វិញរបស់អាមេរិក។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

ដោយឡែក ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យ​សំខាន់ៗដូចជា៖ ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន ការការពារ​បរិស្ថានប្រកបដោយចិរភាព ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង ការបណ្ដុះបណ្ដាលផ្នែក​សហគ្រិនភាពដល់យុវជនកម្ពុជាជាដើម។

ក្រៅពីការងារផ្ដល់ជំនួយនេះ ភាគីទាំងសងខាងក៏បានពិភាក្សាគ្នា​ពាក់ព័ន្ធនឹងការធ្វើមាតុភូមិ​និវត្តន៍​របស់ពលរដ្ឋខ្មែរ ដោយឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិត​ស្និទ្ធ​នៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំ​បញ្ជូន​ពលរដ្ឋខ្មែរមកកម្ពុជា ធ្វើសាមញ្ញកម្មនីតិវិធីនៅពេលបញ្ជូន រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្មសម្រាប់ឱ្យពលរដ្ឋខ្មែរអាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅ ក្នុងសង្គមកម្ពុជាវិញ។

ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA)
សម្តេចធិបតីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត ទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្រប សម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយ កាយវិការនៃការគោរព និងស្រឡាញ់ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចប្រតិបត្តិការ នៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត ។

ជាកិច្ចបញ្ចប់ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តម ប្រយោជន៍នៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង