Close

សមាគម TAFTAC ៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាគឺផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សមាគម TAFTAC ៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាគឺផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច សមាគម TAFTAC ៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាគឺផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចពិភាក្សាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេច ខណៈនិយោជកដាក់តួលេខ ២០១.៥ដុល្លារ, រាជរដ្ឋាភិបាលទើបបញ្ចេញតួលេខ ២០២ដុល្លារ, សហជីពស្នើតួលេខ២ផ្សេងទៀត។

កិច្ចប្រជុំចុងក្រោយដើម្បីសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីសម្រេចចុងក្រោយទំនងនឹងត្រូវធ្វើឡើយដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដោយយកសម្លេងភាគច្រើន។

សូមបញ្ជាក់ផងដែរថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាផ្អែកលើកត្តាសង្គមផង និងសេដ្ឋកិច្ចផង។ នេះបើតាមការលើកឡើងរបស់ សមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)  នៅថ្ថៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

កត្តាសង្គមមាន៖ ១) ស្ថានភាពគ្រួសារ ២) អត្រាអតិផរណា ៣) ថ្លៃនៃការរស់នៅ។
កត្តាសេដ្ឋកិច្ចមាន៖ ១) ផលិតភាពការងារ ២) បម្រែបម្រួលទីផ្សារការងារ ៣) កម្រិតប្រាក់ចំណេញរបស់វិស័យ និង ៤) ភាពប្រកួតប្រជែងរបស់វិស័យ (ថ្លៃភស្តុភារ អត្រាប្តូរប្រាក់ កំណើននៃការនាំចេញ បម្រែបម្រួលចំណែកទីផ្សារពិភពលោក កម្រិតប្រាក់ឈ្នួលអប្បបរមាធៀបនឹងប្រទេសផ្សេងៗ ចំនួនម៉ោងធ្វើការសរុប អត្រាបង់ភាគទានសន្តិសុខសង្គម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី/ភាពអនុគ្រោះពាណិជ្ជកម្ម)។
សូមជម្រាបជូនផងដែរថា ប្រាក់ឈ្នួលអប្បបរមាមិនមែនជាប្រាក់ឈ្នួលសរុបរបស់កម្មករនិយោជិតនោះទេ។ សមាសធាតុនៃប្រាក់ឈ្នួលមានច្រើនដូចជា៖
– ប្រាក់ឈ្នួលគោល (អាចខ្ពស់ជាង ឫស្មើ តែមិនអាចទាបជាងកម្រិតប្រាក់ឈ្នួលអប្បបរមា)
– ប្រាក់រង្វាន់ធ្វើការទៀតទាត់ (ទាបបំផុត ១០ដុល្លារ)
– ប្រាក់ឧបត្ថម្ភធ្វើដំណើរ ឫស្នាក់នៅ (ទាបបំផុត ៧ដុល្លារ)
– ប្រាក់អតីតភាពការងារ (ចាប់ពី ២ដុល្លារ ដល់ ១១ដុល្លារ)
– ប្រាក់ធ្វើការថែមម៉ោង និងប្រាក់ថ្លៃបាយ
– ប្រាក់រង្វាន់ ឫប្រាក់បន្ថែមផ្សេងៗទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិតចំនួន១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន២ ផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ១២លើ១៧នាក់ និងតួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ៥លើ១៧នាក់។ តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១.៥ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។

តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាការពារនូវសិទ្ធិ កិត្តិយស និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៩:០០នាទីព្រឹក៕

អត្ថបទទាក់ទង