Close

វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញកំពុងប្រព្រឹត្តទៅនាខេត្តកណ្ដាល ដើម្បីលើកស្ទួយផលិតផលខ្មែរ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញកំពុងប្រព្រឹត្តទៅនាខេត្តកណ្ដាល ដើម្បីលើកស្ទួយផលិតផលខ្មែរ វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញកំពុងប្រព្រឹត្តទៅនាខេត្តកណ្ដាល ដើម្បីលើកស្ទួយផលិតផលខ្មែរ

កណ្តាល : គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ, សហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកណ្ដាលនាថ្ងៃទី ១៥ ខែកញ្ញានេះ បានរៀបចំវេទិកាផ្គូ រផ្គងរវាងអ្នកផលិត និងអ្នកទិញ ព្រមគ្នាជាមួយការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិត​ក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)»។

គម្រោងនេះមានបំណងបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិត​ក្នុងស្រុកដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាលើលក្ខខណ្ឌផ្គត់ផ្គង់ និងតម្រូវការផ្សេងៗ។

តាមរយៈការដាក់តាំងផលិតផលនេះដែរ ម្ចាស់អាជីវកម្មទាំងនោះមានឱកាសភ្ជាប់ទំនាក់ទំនង​ជាមួយតួអង្គ​ផ្សេងៗ ដូចជាអាជ្ញាធរ​មូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងក្រុមយុវជនដែលអាចផ្តល់​ការគាំទ្រជាបច្ចេកទេស និងធនធានក្នុងការអភិវឌ្ឍអាជីវកម្ម​របស់ពួកគេ។ វេទិកានេះក៏រួមបញ្ចូលការ​តាំងផលិតផលដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយ​ផលិតផល ក្នុងស្រុកទៅ​កាន់ទីផ្សារអោយកាន់​តែទូលាយផងដែរ។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត​ផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា ៖ «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត រាជធានីជំរុញ​ចលនាភូមិមួយផលិតផលមួយមានសេចក្តីរំភើបរីករាយក្នុងការដឹកនាំគំនិតផ្តួច​ផ្តើមអោយ​មានជំនួប​រវាងអ្នកផលិត និងអ្នកទិញ ដ៏មានសារៈសំខាន់នេះដែលមានបំណងកាត់បន្ថយ​គម្លាតរវាងអ្នកផលិត​ក្នុងស្រុក និងអ្នកទិញសក្តានុពលប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។

លោកបណ្ឌិតបន្តថា ការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នា ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូត​ដល់អ្នកប្រើប្រាស់បែបនេះ ធ្វើឱ្យពួកគាត់អាចមានឱកាសសិក្សាស្វែងយល់ដកស្រង់​បទពិសោធន៍​ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័ន​ពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់​គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម។

គួរបញ្ជាក់ថា វេទិកា និងការតាំងបង្ហាញផលិតផលនៅខេត្តកណ្តាលនាឱកាសនេះ មានអ្នកចូលរួម​ដោយ​​ផ្ទាល់ប្រមាណ ២៥០នាក់ រួមមានថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរពាក់ព័ន្ធ សមាគមធុរកិច្ច សហគ្រាស​ខ្នាតតូច និងមធ្យម សហករណ៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងក្រុមយុវជន។

គម្រោងនេះដែរ ត្រូវបានផ្តួចផ្តើមឡើងដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២៣នេះ គម្រោងក៏នឹងរៀបចំវេទិកានេះនៅ​១៥ខេត្ត-ក្រុង រួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង៕

អត្ថបទទាក់ទង