Close

Kyle Walker បន្តកិច្ចសន្យារយៈពេល ២ឆ្នាំទៀត ជាមួយ Manchester City

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Kyle Walker បន្តកិច្ចសន្យារយៈពេល ២ឆ្នាំទៀត ជាមួយ Manchester City Kyle Walker បន្តកិច្ចសន្យារយៈពេល ២ឆ្នាំទៀត ជាមួយ Manchester City

(បាល់ទាត់)៖ ខ្សែការពារអង់គ្លេស Kyle Walker បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេល២ឆ្នាំទៀត ជាមួយក្រុមមេឃខៀវ Manchester City។ នេះបើយោងតាមក្លឹប Premier League បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

មែនទែនទៅ កិច្ចសន្យារបស់ខ្សែការពារស្តាំវ័យ ៣៣ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ចំពេលមានពាក្យចចាមអារ៉ាមអំពីការផ្ទេរទៅកាន់ក្លឹបយក្សអាល្លឺម៉ង់ FC Bayern Munich។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១៧ ដោយបានបង្ហាញខ្លួនសរុបចំនួន ២៦០ដង ខណៈដែលឈ្នះពានរង្វាន់ Premier League ៥ដង FA Cup ២ដង និង Champions League ១ដង។

ជុំវិញការបន្តកិច្ចសន្យានេះ Walker បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ខ្ញុំរីករាយក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ។ អនាគតរបស់ខ្ញុំគឺនៅ Manchester City ហើយនោះជារឿងល្អបំផុត សម្រាប់ខ្ញុំ»។

អតីតកីឡាករក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះ បានបន្ថែមថា ៖« ការដែលយើងឈ្នះពានរង្វាន់បីក្នុង១រដូវកាល គឺជារដូវកាលមួយ ដែលខ្ញុំមិនភ្លេចបាន ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីព្យាយាមម្តងទៀត និងឈ្នះពានរង្វាន់បន្ថែមទៀត»៕

អត្ថបទទាក់ទង