ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សម្រេចបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាសភាពដឹកនាំគណៈកម្មការសិក្សាមានចំនួន ១៦ រូប រួមមានឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ជាប្រធាន ឯឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ជាអនុប្រធាន ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការ ជាអនុប្រធាន ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការ ជាអនុប្រធាន និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាសមាជិក និង រួមជាមួយនឹងឯកឧត្តមមកពីស្ថាប័នចំណុះឱ្យក្រសួងមហាផ្ទៃជាច្រើនផ្សេងទៀតជាសមាជិក។
បើតាមសេចក្តីសម្រេចនេះ គណៈកម្មការនេះមានតួនាទីភារកិច្ចសិក្សាអំពីចំនួនអតិបរមានៃមុខតំណែងស្នងការរងនគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួនអតិបរមានៃមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងផ្ដើមយោបល់កំណត់ចំនួនឱ្យបានជាក់លាក់។
គណៈកម្មការនេះ ត្រូវផ្ដើមយោបល់ និងរកដំណោះស្រាយក្នុងការបែងចែកភារកិច្ច និងផ្ទេរសម្រួលភារកិច្ចឱ្យបានសមស្រប តាមការវាយតម្លៃរបស់គណៈកម្មការ ដោយលើកយោបល់ជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច និង ផ្តើមយោបល់រកដំណោះស្រាយលើបញ្ហាចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត នាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដែលមាន ចំនួនលើសក្រោយពីការកំណត់របស់គណៈកម្មការ ។
បន្ថែមពីនេះ គណៈកម្មការនេះ ត្រូវ រាយការណ៍លទ្ធផលនៃការសិក្សាគោរពជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច៕