កូនសត្វស្លាបកម្រចំនួន ៤ ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
ភ្នំពេញ ៖ កូនសត្វត្រយងយក្ស ២ ក្បាលដែលជាប្រភេទសត្វជិតផុតពូជ និងកូនសត្វក្រៀល ២ ក្បាលដែលជាប្រភេទកំពុងទទួលរងការគំរាមកំហែងត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាកាលពីពេលថ្មីៗនេះ ដោយក្រុមត្រួតពិនិត្យ និងតាមដានសត្វព្រៃមកពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia)។ នេះបលយោងតាមការបញ្ជាក់របស់ USAID Morodok Baitang។
នៅក្នុងសំបុករបស់សត្វត្រយងយក្ស គឺជាកូនសត្វត្រយងយក្ស ២ ក្បាលដែលទំនងជាមានសុខភាពញាស់ធំធាត់ និងអាចហើរចេញពីសំបុកបាននាពេលឆាប់ៗខាងមុខនេះ ខណៈកូនសត្វក្រៀលដែលទើបនឹងញាស់ចំនួន ២ ក្បាល បានហើរចេញពីសំបុករបស់ពួកវាដោយសុវត្ថិភាព។
USAID មរតកបៃតងកំពុងធ្វើការជាមួយដៃគូអភិរក្សរបស់យើង អង្គការ WCS ដើម្បីគាំទ្រកម្មវិធីការពារសំបុកសត្វព្រៃដែលការពារសត្វស្លាប និងជម្រករបស់ពួកគេ។
ក្រុមអភិរក្សបានឱ្យដឹងថា ការរកឃើញទាំងពីរដ៏គួរឱ្យរំភើបនេះបានជំរុញទឹកចិត្ត ក៏ដូចជាធ្វើឱ្យយើងមានសង្ឃឹមយ៉ាងមុតមាំថា យើងអាចការពារ និងរងចាំមើលការកើនឡើងនៃចំនួនសត្វព្រៃដែលរងការគំរាមកំហែងទាំងនេះ៕