អាស៊ានប្តេជ្ញាចិត្តជាថ្មីក្នុងការធានាសន្តិសុខថាមពលឱ្យមាននិរន្តរភាពក្នុងតំបន់
តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤១ ស្តីពីសន្តិសុខថាមពល កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនៅប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីពីបណ្ដាប្រទេសអាស៊ានបានប្ដេជ្ញាចិត្តជាថ្មីក្នុងការធានា សន្តិសុខថាមពលឱ្យមាននិរន្តរភាព។
ការប្ដេជ្ញាចិត្តក្នុងការធានាសន្តិសុខថាមពលឱ្យមាននិរន្តរភាពក្នុងតំបន់នេះដែរនឹងធ្វើឡើងតាមរយៈការទទួលស្គាល់បញ្ហាប្រឈមសន្តិសុខថាមពល និងភាពធន់ថាមពលដែលកំពុងជួបប្រទះ។ ដោយឡែក ការជួបប្រទះនូវវិបត្តិ
ថាមពលនេះក៏មានចំណែកធំចេញពីភាពតានតឹងផ្នែកនយោបាយ និងសង្រ្គាមរាំរ៉ៃរវាងរូស្ស៊ី និងអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែសីហា បានឱ្យដឹងថា កិច្ចប្រជុំនេះបានលើកឡើងពីមូលបទនៃប្រធានអាស៊ានឆ្នាំ ២០២៣ គឺឥណ្ឌូនេស៊ី «បញ្ហាអាស៊ាន៖ ចំណុចកណ្តាលនៃកំណើន» ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការធានាថាអាស៊ាននៅតែធន់ មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកនាពេលអនាគត ព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់អាស៊ានដែលជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលសន្តិសុខថាមពល គឺជាកិច្ចការសំខាន់បំផុត។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «កិច្ចប្រជុំបានទទួលស្គាល់តួនាទីដ៏សំខាន់ នៃអន្តរតភ្ជាប់ថាមពលរបស់អាស៊ានក្នុងការបន្តរបៀបវារៈរបស់អង្គការសហប្រជាជាតិ (UN) ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសដើម្បីសម្រេចបានទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្ថិតក្នុងចំណុចទី ៧ របស់ UN រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងលើកម្រិតបច្ចេកវិទ្យាសម្រាប់ការផ្គត់ផ្គង់សេវាថាមពលទំនើប និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា»។
អង្គប្រជុំយល់ឃើញថា អន្តរតភ្ជាប់ថាមពល និងសមាហរណកម្មទីផ្សារក្នុងអាស៊ាន គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខថាមពល និងពន្លឿនការអភិវឌ្ឍថាមពលប្រកបដោយយុត្តិធម៌ និងបរិយាប័ន្នក្នុងតំបន់ ជាពិសេសធានាភាពធន់ និងស្ថិរភាពនៃតភ្ជាប់បណ្តាញថាមពល និងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល។
ក្នុងនោះ អង្គប្រជុំបានកត់សម្គាល់ពីវឌ្ឍនភាព និងភាពជឿនលឿនក្នុងការតភ្ជាប់បណ្តាញថាមពលអាស៊ាន ជាពិសេសលើ «គម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី» ដែលជាសមិទ្ធផលដ៏ធំធេងក្នុងការជំរុញការភ្ជាប់បណ្តាញថាមពលអាស៊ាន ក៏ដូចជាការតភ្ជាប់ទ្វេភាគីផ្សេងៗ ដែលធ្វើឱ្យការផ្ទេរការភ្ជាប់បណ្តាញថាមពលឆ្លងដែនមួយចំនួនអាចធ្វើទៅបានសម្រាប់រដ្ឋសមាជិកអាស៊ានចំនួន ៥ ប្រទេស។
យ៉ាងណាមិញ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តតួនាទីឧស្ម័នធម្មជាតិក្នុងការអភិវឌ្ឍថាមពលប្រកបដោយតុល្យភាព និងយុត្តិធម៌ រួមមានភាពចាំបាច់ក្នុងការលើកកម្ពស់ការតភ្ជាប់ លទ្ធភាពប្រើប្រាស់ឧស្ម័ន និងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវសម្រាប់តំបន់ ដើម្បីទាញយកធនធានថាមពលកកើតឡើងវិញរបស់ខ្លួន និងអនុវត្តវិធានការដើម្បីធានាភាពធន់នៃការផ្គត់ផ្គង់ឧស្ម័ន។
ជាងនេះទៅទៀត អង្គប្រជុំក៏បានសង្កត់ធ្ងន់លលើសារៈសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ការភ្ជាប់បណ្តាញថាមពលអាស៊ាន MoU ស្តីពីបំពង់បង្ហូរឧស្ម័នអន្តរអាស៊ាន និងកិច្ចព្រមព្រៀងសន្តិសុខប្រេងឥន្ធនៈអាស៊ាន និងការបន្តយន្តការដែលមានស្រាប់នៃកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ និងការឆ្លើយតបបន្ទាន់ក្នុងតំបន់។
ជាចុងក្រោយ កិច្ចប្រជុំនេះបានប្រកាសពីការពន្លឿនការអភិវឌ្ឍថាមពលស្របតាមកាលៈទេសៈ និងសមត្ថភាពថ្នាក់ជាតិ និងថ្នាក់តំបន់នីមួយៗក្នុងការឆ្ពោះទៅរកការអភិវឌ្ឍថាមពលដោយយុត្តិធម៌ និងមានបរិយាប័ន្នព្រមទាំងធានាសន្តិសុខថាមពល ទំនុកចិត្តមានលទ្ធភាពប្រើប្រាស់ និរន្តរភាព ភាពធន់ និងតម្លៃសមរម្យ៕