Close

សម្ពោធរូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត” និងរូបសំណាក “ជីវ តាខ្វាន់”

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
សម្ពោធរូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត” និងរូបសំណាក “ជីវ តាខ្វាន់” សម្ពោធរូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត” និងរូបសំណាក “ជីវ តាខ្វាន់”

ខេត្តសៀមរាប៖ រូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត” និងរូបសំណាក “ជីវ តាខ្វាន់” ត្រូវបានសម្ពោធដាក់ឱ្យប្រើសប្រាស់ ក្នុងឱកាសអបអរសាទរគម្រប់ខួប ២ឆ្នាំ នៃការបេីកដំណេីរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។

ពិធីសម្ពោធធ្វើឡើងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពីសំណាក់លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប តំណាង ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា ។

សម្ពោធរូបសំណាក "ព្រះរាជគ្រូទិវាករបណ្ឌិត" និងរូបសំណាក "ជីវ តាខ្វាន់"

រូបសំណាកដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ ព្រះរាជគ្រូទិវាករបណ្ឌិត ដែលជាអ្នកផ្ដើមគំនិតក្នុងការសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងរូបសំណាកលោក ជីវ តាក្វាន់ បេសកទូតចិនដ៏ល្បីល្បាញ ត្រូវបានដាក់សម្ពោធតាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋាននេះ និងជាការរំលឹកដល់ទំនាក់ទំនងវប្បធម៌ និងការទូតកម្ពុជា-ចិន អស់រយៈពេលជាង ២ ០០០ឆ្នាំ។

គួរឱ្យដឹងថា ព្រះរាជគ្រូទិវាករបណ្ឌិត ជាតួអង្គដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងបានបម្រើព្រះមហាក្សត្ររហូតដល់ ៥ព្រះអង្គ រួមទាំងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ផងដែរ។ នៅដើមសតវត្សទី១២ «ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្ដួចផ្ដើមគំនិតក្នុងការសាងសង់ប្រាសាទអង្គរវត្ត។ ដោយឡែក លោក ជីវ តាក្វាន់ ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ១២៩៦-១២៩៧)។ លោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

ការកំណត់ចម្លាក់ និងព័ត៌មានលម្អិតអំពី «ព្រះរាជគ្រូទិវាករបណ្ឌិត» ត្រូវបានដកស្រង់ និងសម្រួលចេញពីសៀវភៅ “កវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ” ដែលនឹងធ្វើការបោះពុម្ពផ្សាយនាពេលឆាប់ៗខាងមុខ ជាលទ្ធផលនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

សម្ពោធរូបសំណាក "ព្រះរាជគ្រូទិវាករបណ្ឌិត" និងរូបសំណាក "ជីវ តាខ្វាន់"
សម្ពោធរូបសំណាក "ព្រះរាជគ្រូទិវាករបណ្ឌិត" និងរូបសំណាក "ជីវ តាខ្វាន់"