វិនិយោគិនមកពីទីក្រុងហ្វ៊ួចូវ ប្រទេសចិន ចង់វិនិយោគនៅទឹកដីកម្ពុជា
ភ្នំពេញ : វិនិយោគិនមកពីទីក្រុងហ្វ៊ួចូវ ខេត្តហ្វ៊ូជៀនបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅទឹកដីកម្ពុជា បន្ទាប់ពីបានសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាព ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។
ការបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជាត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការស្តីទីគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) និងគណៈប្រតិភូសហគ្រិនដែលប្រកបធុរកិច្ចលើវិស័យរ៉ែនិងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅនិងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀន ដែលដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ។
ឯកឧត្តមបានថ្លែងថា ស្របពេលដែលរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តការពារសន្តិភាព បន្តការអភិវឌ្ឍ ការអញ្ជេីញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណ:ប្រតិភូនាពេលនេះឆ្លុះបញ្ចាំងមិនត្រឹមតែការជឿទុកចិត្តលេីរដ្ឋាភិបាលថ្មីប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ដំណេីរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សន្តិភាពដ៏កក់ក្តៅ។
ឯកឧត្តមបានបន្តថា សក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។
ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តថាគណៈប្រតិភូខេត្តហ្វូជៀននឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។
ជាកិច្ចបញ្ចប់ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕