ក្រុមហ៊ុនចក្រភពអង់គ្លេសមួយ ប្ដឹងលោក Elon Musk ជុំវិញការមិនព្រមបង់ថ្លៃជួលការិយាល័យ Twitter
បរទេស ៖ ក្រុមហ៊ុន The Crown Estate ដែលជាផលបត្រអចលនទ្រព្យពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានចោទប្រកាន់កំពូលមហាសេដ្ឋីលំដាប់ទីមួយ លោក Elon Musk ថា មិនបានបង់ថ្លៃជួលការិយាល័យ Twitter នៅក្នុងទីក្រុងឡុងដ៍។
ក្រោយពេល Twitter ត្រូវបានលោក Elon Musk កាន់កាប់កាលពីចុងខែតុលា ឆ្នាំ២០២២កន្លងទៅ គឺមានពាក្យដណ្ដឹងជាច្រើន បានចោទប្រកាន់មកលើក្រុមហ៊ុនមួយនេះ រួមទាំងរូបលោកផ្ទាល់ផងដែរ។
យោងតាមអ្នកនាំពាក្យរបស់ Crown Estate បានឱ្យដឹងថា ខ្លួនបានដាក់ពាក្យប្ដឹងលោក Elon Musk ក្រោយពេល Twitter ជំពាក់ថ្លៃជួលការិយាល័យនៅផ្លូវ 20 Air Street ក្រុងឡុងដ៍ ហើយនៅពេលនេះ ក្រុមហ៊ុនទាំងពីរកំពុងបន្តការពិភាក្សា។
យោងតាមការចេញផ្សាយរបស់ Reuters ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា Twitter មិនមែនប្រឈមមុខនឹងពាក្យប្តឹងមិនព្រមបង់ថ្លៃជួលតែមួយនៅចក្រភពអង់គ្លេសនោះទេ ពោលគឺម្ចាស់ដីពាណិជ្ជកម្មនៅ San Francisco ក៏ដាក់ពាក្យប្តឹងផងដែរ ពីបទបំពានកិច្ចសន្យាមិនព្រមបង់ថ្លៃជួលដី។
ក្រោយពេលឡើងកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Twitter ថ្មី លោក Elon Musk បានបញ្ឈប់រាល់ការបង់ថ្លៃជួលសម្រាប់ទីតាំងការិយាល័យ Twitter ទូទាំងពិភពលោក រួមទាំងការិយាល័យកណ្តាល ពោលគឺ មិនឱ្យបង់ប្រាក់ទៅកាន់ក្រុមហ៊ុនតូចៗមួយចំនួន ដោយលើកហេតុផលថានេះជាការកាត់បន្ថយចំណាយ៕