វិមានឯករាជ្យ និងសមិទ្ធផលនានាក្នុងក្រុងបាត់ដំបង បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
បាត់ដំបង : វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
វិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបង ជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានា ដែលធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។
សម្ដេចក្រឡាហោម បន្ដថា វិមានឯករាជ្យ ព្រមទាំងសមិទ្ធផលទាំងអស់ នឹងរួមចំណែកទាក់ទាញទេសចរណ៍ ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។
សម្ដេចបានបញ្ជាក់ដែរថា ទីតាំងនេះ នឹងទាក់ទាញទាំងប្រជាពលរដ្ឋមកដើរកំសាន្ត និងហាត់ប្រាណ ហើយសូមអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ បន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។
សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តបាត់ដំបង ដែលពេញមួយនីតិកាលទី៦ មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេស ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ សម្ដេចក្រឡាហោម បានសង្ឃឹមជឿជាក់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី។ សម្ដេច បានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ក្រុមការងាររាជរដ្ឋាភិបាល បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕