Close

សភាពាណិជ្ជកម្មថៃស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម វិនិយោគភាពជាដៃគូអាជីវកម្មនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សភាពាណិជ្ជកម្មថៃស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម វិនិយោគភាពជាដៃគូអាជីវកម្មនៅកម្ពុជា សភាពាណិជ្ជកម្មថៃស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម វិនិយោគភាពជាដៃគូអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក Audsitti Sroithong ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មថៃនៃក្រុមប្រឹក្សាវិនិយោគថៃ បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។

ការលើកឡើងរបស់លោក Audsitti Sroithong ធ្វើឡើងនៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលចូលជួបពិភាក្សាការងារ ជាមួយ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ បន្ថែមពីនេះកាលពីដើមឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោក Voratat Tantimongk បន្ថែមថា ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម, លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ថ្លែងក្នុងជំនួបពិភាក្សាការងារនោះដែរ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានលើកឡើងថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួម។ នេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលផ្តល់ដោយកិច្ចព្រមព្រៀងទាំងនោះ។

លោករដ្ឋមន្ត្រីបន្តថា  ប្រទេសកម្ពុជាផ្តល់ឱកាសកំណើនរយៈពេលវែងនៅទូទាំងវិស័យជាច្រើន ហើយមានទីតាំងល្អជាមជ្ឈមណ្ឌលសក្តានុពលសម្រាប់អាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ ដោយពិចារណាលើកត្តាសំខាន់ៗមួយចំនួនដូចជាទីតាំងយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង និងថាមពល ការទទួលបានទីផ្សារដ៏ធំតាមរយៈ GSP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ជាថ្មីម្តងទៀត កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារអាមេរិក និងថៃនាំចេញ  មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារអាមេរិក។ សម្រាប់រយៈពេល៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង