Kevin De Bruyne នឹងអវត្តមានរហូតដល់ ៤ខែ ដោយសាររបួស
អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយនៅមុនថ្ងៃនៃការប្រកួត UEFA Super Cup របស់ពួកគេជាមួយនឹងក្រុម Sevilla ថាខ្សែបម្រើឆ្នើម Kevin De Bruyne អាចនឹងត្រូវអវត្តមានរហូតដល់ ៤ខែ បន្ទាប់ពីរងរបួសសរសៃពួរក្នុងការប្រកួតបើកឆាក Premier League កាលពីសប្ដាហ៍មុន។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានចាកចេញពីទីលាននៅនាទី៣៦ ក្នុងជ័យជម្នះ ៣-០ របស់ Man City នៅលើទឹកដីក្រុម Burnley កាលពីថ្ងៃសុក្រ។ De Bruyne នឹងមិនអាចជួយ Man City សម្រាប់ការប្រកួត Super Cup របស់ពួកគេនៅយប់នេះបានទេ។
មែនទែនទៅ De Bruyne ក៏បានសម្រាកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែមិថុនាផងដែរ ហើយកាលណោះ លោក Guardiola បានបញ្ជាក់ថា ខ្សែបម្រើរូបនេះ បានរងរបួស។
លោក Guardiola បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា ៖« វាធ្ងន់ធ្ងរណាស់។ យើងត្រូវសម្រេចចិត្តវះកាត់ ឬមិនវះកាត់ ប៉ុន្តែគាត់នឹងនៅក្រៅទីលានរយៈពេល២ ឬ ៣ខែ។ ការសម្រេចចិត្តលើការវះកាត់ នឹងត្រូវធ្វើឡើង នៅប៉ុន្មានថ្ងៃខាងមុខ។ ហើយប្រសិនបើ វះកាត់ វានឹងចំណាយពឹលសម្រាក់ ៣ ឬ ៤4 ខែ»៕