Close

កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ ពាន់លានដុល្លារសម្រាប់ NDC

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ ពាន់លានដុល្លារសម្រាប់ NDC កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ ពាន់លានដុល្លារសម្រាប់ NDC

ភ្នំពេញ ៖  កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិកសម្រាប់អនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) និងត្រូវការថវិកាចាប់ពី៥០០លានរហូត ១,៨ ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ស្របពេលកម្ពុជាបានដាក់ចេញនូវមាគ៌ាដ៏ច្បាស់លាស់សម្រាប់សកម្មភាពអាកាសធាតុរបស់ខ្លួន។

ឯកឧត្ដម ទិន ពន្ល កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ក បានថ្លែងក្នុងជំនួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) ថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ឯកឧត្តមក៏បានបញ្ជាក់ថា ៖«កម្ពុជាត្រូវការថវិកាប្រមាណ៧,៨ ពាន់លានដុល្លារអាមេរិកសម្រាប់អនុវត្ត NDC និង ត្រូវការថវិកាចាប់ពី៥០០លានរហូត ១,៨ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន»។

ជាមួយគ្នានេះដែរ ឯកឧត្តមបានស្នើឱ្យ GCF ផ្តល់អាទិភាពគម្រោងមួយចំនួនរួមមានគម្រោង៖ ការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF ប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុនិងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព ការសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានដាក់ចេញនូវមាគ៌ាដ៏ច្បាស់លាស់ សម្រាប់សកម្មភាពអាកាសធាតុរបស់ខ្លួន។ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបាយការណ៍ស្ដីពីការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) ក្នុងឆ្នាំ ២០២០ កម្ពុជាបានដាក់យុទ្ធសាស្រ្តរយៈពេលវែងស្ដីពីអព្យាក្រឹតភាពកាបូន (LTS4CN) ដែលជាយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាខ្ពស់ ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ កម្ពុជាបានក្លាយជាប្រទេសទី ១ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានយុទ្ធសាស្រ្តបែបនេះ ជាមួយនឹងការកំណត់ចំណុចដៅសម្រាប់ឆ្នាំ ២០៥០។

ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ព្រៃឈើកន្លងមកឱ្យបាន ៥០% ត្រឹមឆ្នាំ ២០៣០ មានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវចំណុចដៅនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលត្រូវបានដាក់ចេញនៅកម្ពុជា ស្មើនឹងជិត ៦០% នៃចំណុចដៅជារួមនៅក្នុង NDC របស់កម្ពុជា។ ត្រឹមឆ្នាំ ២០៥០ កម្ពុជារំពឹងថាវិស័យព្រៃឈើនឹងក្លាយជាអាងកាបូនដ៏មានសារៈសំខាន់។

ការអនុវត្ត NDC របស់កម្ពុជា ត្រូវការទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣០ ហើយការសម្រេចតាមចំណុចដៅឆ្នាំ ២០៥០ ត្រូវការកំណើននៃការវិនិយោគពីវិស័យសាធារណៈ និងវិស័យឯកជនពីប្រមាណ ៥០០ លានដុល្លារ ដល់ ២,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការអនុវត្តនេះរាប់បញ្ចូលទាំងការការអនុវត្តផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តយុទ្ធសាស្រ្តរេដបូកជាតិ ដើម្បីសម្រេចឱ្យបាននូវការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រកបដោយមហិច្ឆតាក្នុងវិស័យព្រៃឈើ ក្នុងតម្លៃចំណាយប៉ាន់ស្មានប្រមាណ ១៨៥,៧ លានដុល្លារ ត្រឹមឆ្នាំ ២០៣១។

តម្រូវការចាំបាច់សម្រាប់ការទទួលបានហិរញ្ញប្បទានដែលមានកាកើនឡើងគួរឱ្យកត់សម្គាល់ ដើម្បីជួយសម្រេចគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ត្រូវបានស្ដែងចេញឱ្យឃើញយ៉ាងច្បាស់ ជាមួយនឹងការបញ្ចប់ការរៀបចំសៀវភៅណែនាំស្តីពីវិធានទីក្រុងប៉ារីស (Paris Rulebook) ក្នុងសន្និសីទកំពូលនៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ (COP 26) នៅទីក្រុងក្លាស់ហ្គូវ(Glasgow) ដែលទីផ្សារកាបូនអន្តរជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ធ្វើការកៀរគរតម្រូវការវិនិយោគចំាបាច់បំផុតទាំងនេះ៕

អត្ថបទទាក់ទង