Spurs បដិសេធមិនលក់ Harry Kane ទៅ Bayern ជាលើកទី៣
ក្រុមយក្សអាល្លឺម៉ង់ FC Bayern Munich បានដំឡើងតម្លៃដល់ទៅ ១១០ លានដុល្លារ ជាមួយនឹងការបន្ថែមលើការផ្តល់ជូនលើកទីបី ដើម្បីទិញខ្សែប្រយុទ្ធឆ្នើម Harry Kane ប៉ុន្តែក្លិបមាន់ខ្នាយមាស Tottenham Hotspurs នៅតែបដិសេធ។
Bayern Munich បានផ្តល់ពេលមួយថ្ងៃ ដល់ Tottenham ក្នុងការសម្រេចចិត្ត នៅពេលដែលខ្លួនបានដាក់សំណើរជាលើកទី៣ នៅថ្ងៃទី ៤ ខែសីហា ដើម្បីទិញខ្សែប្រយុទ្ធរបស់ spurs។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអង់គ្លេស មិនបានឆ្លើយតបទាន់ពេលវេលាទេ ប៉ុន្តែបន្ទាប់មកបានប្រកាសថា ពួកគេមិនលក់នោះទេ។ ពីមុនមក ពួកគេបានបដិសេធការផ្តល់ជូនចំនួនពីរលើករួចទៅហើយ ដោយលើកដំបូងចំនួន ៧៧ លានដុល្លារ ក្នុងខែមិថុនា បន្ទាប់មក ៩០លានដុល្លារ ក្នុងខែកក្កដា។
មែនទែនទៅ Kane នៅសល់កុងត្រាជាមួយក្លិប រហូតដល់ខែមិថុនា ឆ្នាំ ២០២៤។ ប្រសិនបើពួកគេមិនលក់ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំនៅរដូវក្តៅនេះទេ Tottenham នឹងត្រូវទទួលយកការខាតបង់នៅឆ្នាំក្រោយ ពោលគឺការចាកចេញដោយគ្មានតម្លៃខ្លួន។ យ៉ាងណា Kane មិនដាក់សម្ពាធឱ្យ Tottenham ឲ្យលក់រូបគេនោះទេ ប៉ុន្តែបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយ Bayern ប្រសិនបើក្លឹបទាំងពីរឈានដល់ការព្រមព្រៀងគ្នា។
គួរបញ្ជាក់ថា Kane ទទួលបានកំណត់ត្រាស៊ុតបញ្ចូលទីបាន ២៨០គ្រាប់ សម្រាប់ក្រុម Tottenham និង ៥៨គ្រាប់ សម្រាប់ក្រុមអង់គ្លេស។ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup 2018 និង Premier League Top Scorer ក្នុងរដូវកាល ២០១៥-១៦, ២០១៦-១៧ និង ២០២០-២១។ ទោះយ៉ាងណាក៏ដោយ Kane មិនដែលឈ្នះពានជាមួយក្រុមទេ។ សមិទ្ធិផលដ៏ល្អបំផុតរបស់គាត់ជាមួយក្រុម គឺឈានដល់វគ្គផ្តាច់ព្រ័ត្រនៃ League Cup ២០១៥ និង ២០២១, វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៩ និងវគ្គផ្តាច់ព្រ័ត្រ Euro 2021 ជាមួយអង់គ្លេស៕