Close

កម្ពុជា-ថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-ថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា-ថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ ៖ កម្ពុជា-ថៃប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងថែមទៀត។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមរយ:កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្អប្រសើររវាងកម្ពុជា-ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅធានាដល់ប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។

ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីកម្ពុជា និងភាគីថៃ ជាពិសេសភាគីទាំងពីរបានខិតខំអនុវត្តបានយ៉ាងល្អនូវអនុស្សារណៈយោគយល់គ្នាចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលផ្អែកលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។

ការបើកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរទទួលបាននូវវឌ្ឍភាពជាច្រើន ហើយពលករកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងអំណរគុណ ចំពោះភាគីថៃដែលបានយកចិត្តទុកដាក់ដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនដល់ពលករកម្ពុជា ព្រមទាំងបានបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ ដែលចាត់ទុកថាជានយោបាយឈ្នះ-ឈ្នះមួយរបស់ភាគីទាំង២ ក្នុងនោះពលករកម្ពុជាជាកម្លាំងបំពេញឱ្យតម្រូវការទីផ្សារការងាររបស់ថៃ ហើយពលករកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ ទទួលបានជំនាញបន្ថែម និងជំរុញរំហូរហិរញ្ញវត្ថុចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ នឹងពិនិត្យមើលការលើកទឹកចិត្តឱ្យបងប្អូនពលករកម្ពុជា ប្រើប្រាស់ប្រព័ន្ធធនាគាក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារនៅស្រុកដើម្បីជួយកាត់បន្ថយនូវហានិភ័យនានា និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ។

ឆ្លើយតបចំពោះវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីថៃដែលជួយផ្ដល់អាហារូបករណ៍ទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ ពិសេសគឺបានបង្កើតឱ្យមានវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជាឱ្យមានចំណេះជំនាញក្នុងការប្រកបវិជ្ជាជីវៈ។
ភាគីកម្ពុជាបានដាក់សំណើររួចហើយទៅភាគីថៃ ស្នើសុំផ្តល់នូវការបណ្តុះបណ្តាលលើមុខជំនាញចំនួន ៦ រួមមាន៖ ១. ជំនាញវិស្វកម្មអេឡិចត្រូនិក, ២. សំណង់ស៊ីវិល, ៣. គ្រឿងយន្ត (Automotive), ៤. បរិក្ខារត្រជាក់, ៥. ព័ត៌មានវិទ្យា, និង ៦. វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកការិយាល័យ។

ភាគីកម្ពុជាសង្ឃឹមថា បន្ទាប់ពីទទួលបានសំណើនេះ ភាគីថៃនិងផ្តល់ជូនវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ តាមសំណើនេះនិងបន្តទទួលបានកិច្ចសហប្រតិបត្តិការពីភាគីថៃលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្តទៀត ហើយនឹងបង្កើតឱ្យមានកម្មវិធីរួមគ្នាជាច្រើនទៀត ដូចការរៀបចំវេទិការការងាររវាងកម្ពុជា ថៃជាដើម៕

អត្ថបទទាក់ទង