Close

ភ្ញៀវបរទេសត្រូវបង់ថ្លៃ ២០ដុល្លារ ក្នុង១នាក់សម្រាប់ការចូលទស្សនាតំបន់ភ្នំគូលែន ខណៈភ្ញៀវជាតិមិនតម្រូវឱ្យបង់ថ្លៃនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ សង្គម
ភ្ញៀវបរទេសត្រូវបង់ថ្លៃ ២០ដុល្លារ ក្នុង១នាក់សម្រាប់ការចូលទស្សនាតំបន់ភ្នំគូលែន ខណៈភ្ញៀវជាតិមិនតម្រូវឱ្យបង់ថ្លៃនោះទេ ភ្ញៀវបរទេសត្រូវបង់ថ្លៃ ២០ដុល្លារ ក្នុង១នាក់សម្រាប់ការចូលទស្សនាតំបន់ភ្នំគូលែន ខណៈភ្ញៀវជាតិមិនតម្រូវឱ្យបង់ថ្លៃនោះទេ

ភ្នំពេញ ៖ រដ្ឋបាលស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថា ភ្ញៀវជាជនបរទេសតម្រូវឱ្យបង់ថ្លៃ ២០ ដុល្លារ ក្នុង១នាក់ ដើម្បីអាចចូលទស្សនាកម្សាន្តតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខណៈប្រជាពលរដ្ឋខ្មែរមិនតម្រូវឱ្យបង់ថ្លៃចូលទស្សនានោះទេ។

រដ្ឋបាលស្រុកស្វាយលើ បានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសារព័ត៌មាន និងបណ្ដាញសង្គមលើករណីមានការយកលុយថ្លៃផ្លូវឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ពីប្រជាពលរដ្ឋដោយ រថយន្តធុនធំតម្លៃ ៥,០០០រៀល រថយន្តធុនតូចតម្លៃ ៣,០០០រៀល ម៉ូតូតម្លៃ ១,៥០០រៀល និងភ្ញៀវបរទេស តម្លៃ ២០$ ក្នុង១ នាក់ ។

រដ្ឋបាលស្រុកស្វាយលើ បានបកស្រាយថា ចំពោះក្រុមហ៊ុន នគរគោកធ្លក ខូអិលធីឌី បានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុងតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែនៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានកែសម្រួលការវិនិយោគដោយមិនអនុញ្ញាតឱ្យយកថ្លៃចូលទស្សនាពីភ្ញៀវទេសចរណ៍ជាតិ (ប្រជាពលរដ្ឋខ្មែរ) ដែលបានចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែននោះទេ ដោយរក្សាយកថ្លៃចូលទស្សនា សម្រាប់ភ្ញៀវជាជនបរទេសក្នុង១នាក់ តម្លៃ ២០$ (ដុល្លារអាមេរិក) ក្នុង១ថ្ងៃ ។

រដ្ឋបាលស្រុកស្វាយលើ បានថ្លែងថា ចំពោះប្រជាពលរដ្ឋខ្មែរ ពុំមានការយកថ្លៃចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែននោះទេ គឺក្រុមហ៊ុននគរគោកធ្លក ខូអិលធីឌី យកតែថ្លៃចំណតសម្រាប់រថយន្តដែលចូលទស្សនាតំបន់ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រួមទាំងការងារបរិស្ថាន អនាម័យ និងរៀបចំចំណតឱ្យបានល្អប្រសើរ។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រឃុំខ្នងភ្នំ ស្រុកស្វាយលើ និងប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ គឺពុំគិតថ្លៃនោះទេ។

ទោះបីជាយ៉ាងក៏ដោយ ប្រតិបត្តករក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ការតម្រូវឱ្យភ្ញៀវបរទេសបង់ថ្លៃទស្សនានៅតំបន់ភ្នំគូលែន ២០ ដុល្លារក្នុងមួយនាក់ ហាក់ដូចជាមានតម្លៃខ្ពស់បន្តិច ដែលវាអាចធ្វើឱ្យប៉ះពាល់វិស័យទេសចរណ៍នៅតំបន់នោះ ហើយអ្នកទេសចរបរទេសអាចនឹងបង្វែរទិសដៅទេសចរណ៍ពីតំបន់នោះ ដោយសារតម្លៃចូលទស្សនាខ្ពស់៕

អត្ថបទទាក់ទង