Close

អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

សៀមរាប៖  ស្រះទឹកចំនួន២ នៅផ្នែកខាងកើតប្រាសាទបាយ័ន ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងធ្វើការជីកស្តារឡើងវិញ ដើម្បីឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូល ។

ដើម្បីស្តារស្រះទឹកទាំងពីរនេះ មន្ត្រីជំនាញ ត្រូវធ្វើការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញជាមុន ក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប ពិសេសគម្រោងការស្តារស្រះទឹកនេះ ដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។

លោកស្រី ទឹម ធីតា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា មានប្រសាសន៍ថា គំនរថ្មនៃប្រាសាទបុរាណនេះ មួយផ្នែក ធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ ហើយថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ននោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។

លោកស្រីបន្តថា ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន ដែលរហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ។

បើតាមការឲ្យដឹងពីក្រុមការងារបានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែលគេត្រូវរើចេញពីគំនរទាំងអស់មានប្រហែល២ម៉ឺនដុំ ខណៈការងាររុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកម៉្លេះ ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហាឬខែកញ្ញាខាងមុខនេះ ៕

អត្ថបទទាក់ទង