Close

អាជ្ញាធរជាតិអប្សរាបន្តជួសជុល និងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ សង្គម
អាជ្ញាធរជាតិអប្សរាបន្តជួសជុល និងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ អាជ្ញាធរជាតិអប្សរាបន្តជួសជុល និងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ

សៀមរាប ៖ ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរ៉ែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា កិច្ចការងារជួសជុលនេះធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។

ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។

លោកបន្ថែមថា ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនឹងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។

បើតាមលោក ឡុង ណារី បានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ មានបញ្ហាប្រឈមខ្លាំងបណ្តាលមកពីកម្សោយរចនាសម្ព័ន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។

លោក ឡុង ណារី បន្តទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការរលំបាក់។ បន្ទាប់មក ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម៕





អត្ថបទទាក់ទង