Close

រាជរដ្ឋាភិបាលសម្រេច បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឲ្យបានលឿន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រាជរដ្ឋាភិបាលសម្រេច បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឲ្យបានលឿន រាជរដ្ឋាភិបាលសម្រេច បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឲ្យបានលឿន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ។

យោងតាមសេចក្តីសម្រេច របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា ឱ្យដឹងថា គណៈកម្មការនេះ មានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន និងអនុប្រធាន៣រូប គឺឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ ព្រមទាំងសមាជិក២១រូប។

សេចក្តីសម្រេចនេះ បញ្ជាក់ថា គណៈកម្មការនេះមានភារកិច្ចក្នុងការពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។

គណៈកម្មការនេះក៏នឹងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការ អភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងផ្លូវទី៣ហើយនៅកម្ពុជា បន្ទាប់ពីគម្រោងផ្លូវទី១ ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់លើទុនវិនិយោគជាង ២ពាន់លានដុល្លារ និងបានដាក់ឲ្យដំណើរការ កាលពីចុងឆ្នាំ២០២២កន្លងទៅ និងគម្រោងផ្លូវទី២ ភ្នំពេញ-បាវិត ទុនវិនិយោគប្រមាណជា១ពាន់៧រយលានដុល្លារដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ៕

អត្ថបទទាក់ទង