Close

និស្សិតវិទ្យាស្ថានតិចណូយកជំនាញទៅធ្វើការរួមគ្នា​ បង្កើតជាអាជីវកម្មតូចមួយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
និស្សិតវិទ្យាស្ថានតិចណូយកជំនាញទៅធ្វើការរួមគ្នា​ បង្កើតជាអាជីវកម្មតូចមួយ និស្សិតវិទ្យាស្ថានតិចណូយកជំនាញទៅធ្វើការរួមគ្នា​ បង្កើតជាអាជីវកម្មតូចមួយ

ជាការពិត ការរៀនជំនាញគឺមានផលប្រយោជន៍ច្រើន ជាពិសេសនៅពេលដែលសិស្ស និស្សិតដែល រៀនជំនាញផ្ទាល់ចេះយកចំណេះ ជំនាញនោះទៅប្រើប្រាស់ឱ្យសមស្របតាមតម្រូវការទីផ្សារ។  វិទ្យសាស្ថានបច្ចេកវិទ្យាកម្ពុជា ឬដែលគេស្គាល់ថាជា វិទ្យាស្ថានតិចណូ ជាកន្លែងដែលបណ្ដុះបណ្ដា លជំនាញជាច្រើន ហើយដែលមានវត្តមាននៅកម្ពុជាជាច្រើនឆ្នាំមកហើយ។

ជំនាញដែលមានការពេញនិយមសិក្សាពីសិស្ស និស្សិតរួមមាន វិស្វកម្ម សំណង់ អគ្គីសនី និងគីមីអា ហារជាដើម។ និស្សិតដែលបញ្ចប់ការសិក្សាទៀតសោត មានជម្រើសការងារច្រើន ដោយពួកគេអាច បម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងអាចបង្កើតជាអាជីវម្មផ្ទាល់ខ្លួន ដោយប្រើប្រាស់ ជំនាញដែលខ្លួនមានតែម្ដង។

មិនត្រឹមតែអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន និស្សិតដែលកំពុងសិក្សា ឬបញ្ចប់ការសិក្សាហើយ ថែមទាំងអាចបូកបញ្ចូលនូវជំនាញរបស់ខ្លួន សម្រាប់បង្កើតអាជីវកម្មរួមគ្នាផងដែរ។ ជាក់ស្ដែង និស្សិតផ្នែកអគ្គីសនីមួយរូប បានប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើតម៉ាស៊ីនស្គេន QR សម្រាប់លក់ចំណីអាហារ និងភេសជ្ជៈផ្សេងៗ។

លោក ជា ផេងអ៊ូ ជានិស្សិតដែលកំពុងសិក្សាឆ្នាំទី៥ និងជាម្នាក់ក្នុងចំណោមសមាជិក ៤នាក់ទៀត ដែលបានផ្ដួចផ្ដើមគំនិតគ្នាបង្កើតជាម៉ាស៊ីនមួយដែលមានឈ្មោះថា Vending Machine កាលពីឆ្នាំ ២០២២។

ម៉ាស៊ីននេះ អាចឱ្យអតិថិជនទិញយកភេសជ្ជៈដោយគ្រាន់តែស្គេន QR ដែលមានបិទនៅលើម៉ាស៊ីន នោះ និងជ្រើសរើសភេសជ្ជៈជាការស្រេច។ អ្វីដែលកាន់តែងាយស្រួលសម្រាប់អតិថិជនគឺ ពួកគេ អាចទូទាត់តាមធនាគារផងដែរ។

លោក ជា ផេងអ៊ូ បានរៀបរាប់ថា៖ « មក​ដល់​បច្ចុប្បន្ន​នេះ​ ពួក​យើង​អភិវឌ្ឍន៍​បាន​ ២ជំនាន់​ហើយ ដោយ​ជំនាន់​ទី១ យើង​ប្រើ​ QR Code តែ​ត្រូវ​ផ្ទៀងផ្ទាត់​ជា​មួយ​លេខ​កូដ​ តាម​រយៈ​សារ SMS ដែល​ទទួល​បាន​ពី​ខាង​ធនាគារ​ដែល​គិតគូរ​ទៅ​លើ​តម្លៃ​ និង​ការ​កាត់​ប្រាក់​ ដើម្បី​ឱ្យ​ទូ​អគ្គិសនី​ដំណើរ​ការ។

ចំណែក​ជំនាន់​ទី២ គឺ​លឿន​ជា​មុន​ ៣​ដង ដែល​​យើង​ប្រើ​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​បាគង ​ប្រើ​អ៊ីនធឺណិត​ដោយ​​មិន​ចាំ​បាច់​ផ្ទៀងផ្ទាត់​លេខ​កូដ​ទៀត​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ស្កេន នោះ​ភេសជ្ជៈ​នឹង​ធ្លាក់​ពី​ទូ​អគ្គិសនី​មក។ »

គិតមកដល់ពេលនេះ ក្រុមនិស្សិតផ្នែកអគ្គីសនីទាំង៥នាក់ បានបង្កើតម៉ាស៊ីនលក់ភេសជ្ជៈនេះចំនួន ៦ហើយ ក្នុងនោះក៏មានការសហការជាមួយនិស្សិតផ្នែកចំណីអាហារដើម្បីដាក់តាំងលក់ភេសជ្ជៈ ដែលផលិតបាន នៅក្នុងបរិវេនវិទ្យាស្ថានផងដែរ។

និស្សិតផ្នែកចំណីអាហារដែល យុវជន ជា ផេងអ៊ូ លើកឡើងនេះ គឺសំដៅដល់ក្រុមនិស្សិតដែលបាន សិក្សា ស្រាវជ្រាវ បង្កើតជាភេសជ្ជៈចេញពីសណ្ដែក ហើយដែលបច្ចុប្បន្ននេះផលិតផល «អូនសណ្ដែក» កំពុងដាក់លក់ក្នុង Vending Machine ។

បើតាមនិស្សិត ជា ផេងអ៊ូ កាលពីដំបូងឡើយខ្លួន និងសមាជិកមិនទាន់ដាក់គោលដៅបង្កើតជា អាជីវកម្មនៅឡើយទេ ប៉ុន្តែបន្ទាប់ពីបានការជួយជ្រោមជ្រែងពីសំណាក់គ្រូបន្ទុកថ្នាក់ ក្រុមនិស្សិត រកបានការឧបត្ថម្ភមួយចំនួនដើម្បីដំណើរការបន្តក្នុងនាមជាអាជីវកម្មមួយពេញលេញ។

ប៉ុន្តែយ៉ាងណា ដើម្បីឱ្យអាជីវកម្មមួយនេះកាន់តែរីកចម្រើន ឆ្នាំ ២០២៤ ក្រុមនិស្សិតទាំង៥នាក់ ​បាន​ធ្វើ​ផែនការ​ថ្មី ដោយនឹង​៖ «បើក​ទទួល​ការ​កុម្មង់​ក្នុងការផលិតម៉ាស៊ីនសម្រាប់​អតិថិជន​ទូទៅ ហើយ​ការកម្មង់នេះមាន២ជម្រើស​​ ទី១គឺ​ខ្នាត​ស្តង់​ដារ ដែល​មាន​តូច​ មធ្យម និង​ធំ ចំណែក​មួយ​ប្រភេទ​ទៀត​គឺ​ធ្វើ​តាម​បែប​បទ​ដែល​អតិថិជន​កុម្ម៉ង់​ ទាំង​រូបរាង ទំហំ​ និង​សម្រាប់​ប្រភេទ​ផលិតផល​ផ្សេង​ក្រៅ​ពី​ភេសជ្ជៈ​ជា​ដើម»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់យុវជន ជា ផេងអ៊ូ៕

អត្ថបទទាក់ទង