Close

ឥណ្ឌូណេស៊ី មិនពិន័យកីឡាកររបស់ខ្លួនឡើយ ក្រោយប៉ះគ្នាជាមួយថៃនៅស៊ីហ្គេម ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ កីឡា
ឥណ្ឌូណេស៊ី មិនពិន័យកីឡាកររបស់ខ្លួនឡើយ ក្រោយប៉ះគ្នាជាមួយថៃនៅស៊ីហ្គេម ឆ្នាំ២០២៣ ឥណ្ឌូណេស៊ី មិនពិន័យកីឡាកររបស់ខ្លួនឡើយ ក្រោយប៉ះគ្នាជាមួយថៃនៅស៊ីហ្គេម ឆ្នាំ២០២៣

(កូឡាឡាំពួរ)៖ ខុសពីសហព័ន្ធកីឡាបាល់ទាត់ថៃ(FAT) ប្រធានសហព័ន្ធកីឡាបាល់ទាត់ ឥណ្ឌូនេស៊ី ហៅកាត់ថា PSSI លោក Erick Thohir បានគូសបញ្ជាក់ថា កីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឥណ្ឌូនេស៊ី មិនសមនឹងទទួលបានការផាកពិន័យទេ បន្ទាប់ពីឧប្បត្តិហេតុ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ វគ្គផ្ដាច់ព្រ័ត្រជាមួយថៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ី ប្រធាន PSSI លោក Erick Thohir បានបញ្ជាក់ថា លោកនឹងមិនដាក់ទណ្ឌកម្មកីឡាករ និងមន្ត្រីជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឥណ្ឌូនេស៊ី បន្ទាប់ពីកុប្បកម្មនៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នោះទេ។

កាសែត Bola ដកស្រង់សម្ដីលោក Erick Thohir ដោយនិយាយថា ៖ «ហេតុអ្វីបានជាយើងគួរជ្រៀតជ្រែក? ហេតុអ្វីបានជាយើងគួរដាក់ទោសកីឡាករខ្លួនឯង? ពិតណាស់ យើងនឹងកែកំហុស។ យើងជាមនុស្សដំបូងគេ ដែលត្រូវបានគេនាំចូលទៅក្នុងជម្លោះ ហើយវាជាការបង្កហេតុ។ អ្នកខ្លះអាចអត់ឱនបាន ហើយខ្លះទៀតអត់នោះទេ»។

លោកបន្តថា ៖ «យើងមានការគោរពយ៉ាងខ្លាំង ចំពោះវៀតណាម និងថៃ។ ប្រទេសផ្សេងទៀតក្នុងអំឡុងពេលស៊ីហ្គេមឆ្នាំ២០២៣ មានទំនាក់ទំនងល្អណាស់។ ខ្ញុំកោតសរសើរ FAT ។ ប្រហែលជាពួកគេមានយន្តការផ្ទាល់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនចង់ជ្រៀតជ្រែកក្នុងគោលនយោបាយរបស់ពួកគេទេ។ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយអំពីរឿងនោះទេ»។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ផ្នែកបុរស ស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយរូបភាពនៃអំពើហឹង្សាដែលមិនធ្លាប់មានពីមុនមក នៅពេលដែលកីឡាករ និងគ្រូបង្វឹកនៃក្រុមទាំងពីរប៉ះទង្គិចគ្នា ធ្វើឲ្យទីលានបាល់ទាត់ក្លាយជាសង្វៀនប្រកួតប្រដាល់។ បន្ទាប់ពីរូបភាពដ៏អាម៉ាស់នេះ សមាគមបាល់ទាត់ថៃ (FAT) បានបើកការស៊ើបអង្កេត និងចេញពិន័យដល់សមាជិក U22 ថៃ។ ក្នុងនោះ កីឡាករពីររូបគឺអ្នកចាំទី Soponwit Rakyart និងខ្សែបម្រើ Thirapak Prueangna ត្រូវបានហាមឃាត់មិនឱ្យលេងឱ្យក្រុមជម្រើសជាតិរយៈពេល ៦ ខែ។ ទន្ទឹមនឹងនេះ សមាជិក ៣នាក់ផ្សេងទៀតនៃក្រុមការងារគ្រូបង្វឹកគឺលោក Prasadchok Chokmoh, Mayed Madada និង Patrawut Wongsripuek ត្រូវបានព្យួរការងាររយៈពេលមួយឆ្នាំ៕

អត្ថបទទាក់ទង