Microsoft គ្រោងបោះទុនវិនិយោគ ១០ពាន់លានដុល្លារទៅលើកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត «ChatGPT»
បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា គ្រោងបោះទុនវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ទៅលើកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា «ChatGPT» និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OpenAI។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះគឺក្រុមហ៊ុន Microsoft មានបំណងបញ្ចូលបច្ចេកវិទ្យា ChatGPT ទៅក្នុងកម្មវិធី Bing ដើម្បីបង្កើនសមត្ថភាព Search Engine របស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយ Google និងក្រុមហ៊ុនផ្សេងៗ។
ប្រភពខាងលើបានបន្ថែមទៀតថា មូលនិធិដែល Microsoft កំពុងវិនិយោគនេះ នឹងរួមបញ្ចូលជាមួយនឹងក្រុមហ៊ុនបណ្តាក់ទុនផ្សេងទៀតក្នុងការផ្តល់មូលនិធិទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា OpenAI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco ក្នុងការពង្រីកការស្រាវជ្រាវ និងឥទ្ធិពលបន្ថែមទៀត។ យ៉ាងណាមិញជុំវិញការវិនិយោគរួមគ្នានេះត្រូវបានគេរំពឹងថា អាចនឹងមានតម្លៃសរុបខ្ទង់ ២៩ពាន់លានដុល្លារឯណោះ។
ក្រុមហ៊ុន OpenAI គឺត្រូវបានបង្កើតឡើងដោយកំពូលមហាសេដ្ឋី លោក Elon Musk និងអ្នកវិយោគផ្សេងទៀតកាលពីឆ្នាំ២០១៥ ចំណែកឯមុខងារ ChatGPT ទើបតែត្រូវបានដាក់ឱ្យសាកល្បងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ChatGPT កំពុងផ្ទុះការគាំទ្រ និងការប្រើប្រាស់ ព្រោះវាពោរពេញដោយសមត្ថភាពខ្ពស់ រហូតដល់មានអ្នក ជំនាញខ្លះ ហ៊ាននិយាយថា វាអាចយកឈ្នះ ឬសម្លាប់ Google បានថែមទៀតផង៕