បិតាបច្ចេកវិទ្យា AI ប្រកាសលាឈប់ពី Google និងត្រៀមទម្លាយហានិភ័យនៃបច្ចេកវិទ្យានេះទៅកាន់ពិភពលោក
បរទេស ៖ បិតាបច្ចេកវិទ្យា AI លោក Geoffrey Hinton (Godfather of A.I.) បានប្រកាសលាឈប់ពីការងារនៅក្នុងក្រុមហ៊ុន Google និងបានព្រមានពីហានិភ័យដែលនឹងកើតមានឡើងដោយសារតែបច្ចេកវិទ្យាមួយនេះនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
លោក Hinton ជាត្រូវបានគេស្គាល់ថា ជាបណ្ឌិតផ្នែកបច្ចេកវិទ្យា AI ដែលមានបទពិសោធន៍ជាង ៤៥ឆ្នាំ ដោយអស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ លោកបានបម្រើការងារក្រៅម៉ោងនៅក្នុងក្រុមហ៊ុន Google ហើយថ្មីៗនេះលោកបានប្រកាសលាឈប់ពីការងារ និងបានថ្លែងប្រាប់កាសែត The New York Times ថា លោកនឹងលើកឡើងពីហានិភ័យដែលនឹងកើតមានឡើងដោយបច្ចេកវិទ្យា AI សម្រាប់ពេលអនាគត ដល់ពិភពលោកអំពីការគំរាមកំហែងដ៏មានសក្តានុពល។
ជាមួយគ្នានោះផងដែរ លោក Hinton ក៏បានបន្ថែមឱ្យដឹងទៀតថា ការគំរាមកំហែងដ៏មានសក្តានុពលដែលបណ្ដាលមកពីបច្ចេកវិទ្យា AI នឹងមកដល់ឆាប់ជាងអ្វីដែលលោកបានគិតពីមុន។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំបានគិតថាវាមានរយៈពេលពី ៣០ ទៅ ៥០ ឆ្នាំ ឬយូរជាងនេះ ប៉ុន្តែសម្រាប់ពេលនេះ ច្បាស់ណាស់ ខ្ញុំលែងគិតបែបនេះទៀតហើយ។ វា មានហានិភ័យ ឬការគំរាមកំហែង ដែលអាចនឹងមកដល់លឿនជាងនេះ»។
ជាមួយគ្នានេះ លោក Hinton ក៏បានលើកឡើងអំពី GPT-4 ឬ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំមុន ប៉ុន្តែមកដល់ពេលនេះ វាផ្ទុះការគាំទ្រខ្លាំង ហើយក៏ជារឿងថ្មីមួយដែលលោកនឹកស្មានមិនដល់។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC លោក Hinton ត្រូវបានគេចោទសួរថា តើបច្ចេកវិទ្យា AI អាចបំផ្លាញ់មនុស្សជាតិបានដែរឬទេ? ចម្លើយពីលោក Hinton គឺថា «វាមិនអាចនឹកស្មានដល់ ហើយនោះជាអ្វីដែលខ្ញុំនឹងនិយាយទៅកាន់ពិភពលោកនាពេលឆាប់ៗខាងមុខនេះ»។
គួរបញ្ជាក់ផងដែរថា លោក Hinton មិនត្រូវបានគេទម្លាយឱ្យដឹងច្បាស់ពីប្រវត្តិចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Google ជាមួយនឹងមុខតំណែងអ្វីនោះទេ គ្រាន់តែដឹងថា កាលពីដើមឆ្នាំ២០២២ លោកបានបន្ថយចំនួនម៉ោងធ្វើការងាររបស់លោកនៅក្នុងក្រុមហ៊ុន Google ចំនួន ២០ភាគរយ ហើយចំពោះមូលហេតុដែលលោកលាឈប់ពី Google នោះគឺប្រហែលមកពីលោកចង់បានសេរីភាពក្នុងការនិយាយពីហានិភ័យនៃ AI៕