Close

Mesut Özil ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្រោយប្រឡូក ​១៧ឆ្នាំក្នុងវិស័យនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ កីឡា
Mesut Özil ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្រោយប្រឡូក ​១៧ឆ្នាំក្នុងវិស័យនេះ Mesut Özil ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្រោយប្រឡូក ​១៧ឆ្នាំក្នុងវិស័យនេះ

ខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal និងអធិរាជស Real Madrid កីឡាករ Mesut Özil បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីពក្នុងអាយុ ៣៤ ឆ្នាំ ក្រោយប្រឡូកក្នុងវិស័យនេះ ១៧ឆ្នាំ ។

Özil បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា នេះថា ៖ «ខ្ញុំបានក្លាយជាកីឡាករបាល់ទាត់អាជីពអស់រយៈពេលជិត ១៧ ឆ្នាំមកហើយ ហើយខ្ញុំមានអារម្មណ៍ថាអរគុណសម្រាប់ឱកាសនេះ។ ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ និងខែថ្មីៗនេះ ដោយបានរងរបួសខ្លះផងដែរ វាកាន់តែច្បាស់ថាវាដល់ពេលដែលត្រូវចាកចេញពីឆាកបាល់ទាត់ដ៏ធំ» ។

Özil ត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោកនៅក្នុងតំណែងខ្សែបម្រើ នឹង បានឈ្នះពានរង្វាន់ La Liga ជាមួយ Real Madrid ក្នុងឆ្នាំ២០១២ និងពានរង្វាន់ FA Cup ចំនួនបួនជាមួយ Arsenal ចន្លោះឆ្នាំ២០១៤ និង ២០២០។ គាត់ក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិអាឡឺម៉ង់នៅ World Cup ២០១០, ២០១៤ និង ២០១៨ ហើយស៊ុតបញ្ចូលទីបាន ២៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៩២លើក សម្រាប់ប្រទេសរបស់គាត់។

Özil បានចាប់ផ្តើមអាជីពក្លឹបរបស់គាត់នៅប្រទេសអាឡឺម៉ង់ ជាមួយ Schalke និង Werder Bremen Özil និងបានចំណាយពេល ៣ ឆ្នាំនៅ Real Madrid និង ៨ ឆ្នាំជាមួយ Arsenal មុនពេលផ្លាស់ទៅប្រទេសទួរគី ដើម្បីលេងឱ្យ Fenerbahçe និងក្លិប İstanbul Başakşehir។
គាត់បានបង្កើតកេរ្តិ៍ឈ្មោះជាអ្នកបញ្ជូនបាល់ និងអ្នកលេងដ៏ល្អម្នាក់ ដោយកត់ត្រាយ៉ាងហោចណាស់ ២០ assists ក្នុងមួយរដូវកាលរបស់គាត់ជាមួយ Madrid ។

រូបគេបានចូលរួមជាមួយ Arsenal តម្លៃកំណត់ត្រាក្លឹប ៥៤.៨ លានដុល្លារ។ នៅទីនោះ Özil ស៊ុតបញ្ចូលទីបាន ៤៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥៤ លើក។

Özil បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាឡឺម៉ង់ ចំនួនប្រាំដង។ Özil បានលេងក្នុងការប្រកួត World Cup ទាំងអស់របស់ប្រទេសរបស់គាត់ក្នុងឆ្នាំ ២០១០ និង ២០១៤ ។ គាត់បានលេងការប្រកួតចុងក្រោយ សម្រាប់ក្រុមជម្រើសជាតិ នៅ World Cup ២០១៨ មុនពេលប្រកាសចូលនិវត្តន៍ជាអន្តរជាតិ ដោយលើកឡើងពីការរើសអើងជាតិសាសន៍ និងការមិនគោរព។ ពាក្យមួយឃ្លារបស់ Özil ដែលគេចាំមិនភ្លេចនោះគឺ នៅពេលយើងឈ្នះ ខ្ញុំជាជនជាតិអាឡឺម៉ង់ ប៉ុន្តែនៅពេលដែលយើងចាញ់ ខ្ញុំជាជនអន្តោប្រវេសន៍៕

អត្ថបទទាក់ទង