កម្ពុជានឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នៅចុងខែនេះ
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងសម្ពោធសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីបើកដំណើរការប្រតិប្រតិបត្តិការហោះហើរសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ទទួលបានជោគជ័យ ។
ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F នឹងត្រូវរៀបចំធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ច និងប្រធាន អនុប្រធានអនុគណៈកម្មការចំពោះកិច្ច។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ។ ថវិកាវិនិយោគ សម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ ។
ក្រៅពីក្រុមហ៊ុនចិន អាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន ៥ប្រទេសទៀតចូលរួមសាងសង់ ។ ដៃគូវិនិយោគចូលរួមកសាង ព្រលានយន្តហោះនេះ គឺមានក្រុមហ៊ុនមកពី ប្រទេសកាណាដា អង់គ្លេស បារាំង សិង្ហបុរី និងកូរ៉េខាងត្បូង ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន ។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕