វីតាមីន B មានប្រយោជន៍យ៉ាងលើសលប់ដែលអ្នកមិនគួរមើលរំលង
ប្រហែលជាអ្នកធ្លាប់បានដឹងខ្លះៗហើយមែនទេថា វីតាមីន B មានទាំងអស់ច្រើនយ៉ាងណាស់ ហើយសួរថា តើ វីតាមីន B មួយណាមានប្រយោជន៍បែបណា និងច្រើនមាននៅក្នុងអាហារប្រភេទណាខ្លះទៅ? តទៅនេះ យើងនាំគ្នាតាមដានដូចតទៅ ៖
វីតាមីន B រួម : ជួយបង្កើនសារធាតុឆ្លើយឆ្លងប្រព័ន្ធខួរក្បាល ល្អសម្រាប់អ្នកដែលត្រូវការបំប៉នខួរក្បាលប្រព័ន្ធការចងចាំ ឬសម្រាប់អ្នកដែលស្ថិតក្នុងសភាវតានតឹង និងធុញថប់។
វីតាមីន B 1 : ជួយបង្កើនការដុតបំផ្លាញ ខាបូហាយដ្រេតយកទៅប្រើប្រាស់ជាថាមពល បង្កើនប្រព័ន្ធការធ្វើការងាររបស់ប្រព័ន្ធប្រសាទ បេះដូង ប្រព័ន្ធរំលាយអាហារ ជួយការពាររោគស្ពឹកស្រពន់ មានច្រើននៅក្នុងបន្លែ, គ្រាប់ធញ្ញជាតិ, អង្ករបុកដៃ និងសណ្តែកផ្សេង។
វីតាមីន B 2 : ពាក់ព័ន្ធនឹងការដកដង្ហើមរបស់កោសិកា ជួយដល់ស្បែក និងសាច់ស្រទាប់ផ្សេងៗ បើខ្វះវិតាមីន B 2 នឹងធ្វើឱ្យកើតជំងឺដំបៅរីកនៅគែមៗមាត់។ វិតាមីន B 2 ឃើញមានច្រើននៅក្នុងបន្លែស្លឹកបៃតង យ៉ាអួ ទឹកដោះ និងស៊ុត។ល។
វីតាមីន B 3 : កាត់បន្ថយភាពប្រឈមនឹងការកើតជំងឺបេះដូង កូលេស្តេរ៉ូលឡើងខ្ពស់ បន្ថយការកើតមុនក្រហម។ វីតាមីន B 3 គេឃើញមានច្រើននៅក្នុង សាច់សត្វ ស៊ុតមាន់ ចុងអង្ករ។ល។
វីតាមីន B 5 : កាត់បន្ថយអាការគេងមិនលក់ បន្ធូរអាការរលាកសន្លាក់។ វិតាមីន B 5 ឃើញមានច្រើននៅក្នុងគ្រាប់ល្ង ផ្លែប៊័រ និងដំណាប់ផ្លែអ៊ែព្រីខត់។
វីតាមីន B 6 : ជួយបង្កើនភាពស៊ាំនឹងជំងឺ និងកោសិកាគ្រាប់ឈាមក្រហម រួមទាំងជួយសម្រួលដល់ប្រព័ន្ធប្រសាទ ថែររក្សាសភាពស្បែកឱ្យនៅស្អាតប្រក្រតី ហើយបើខ្វះវីតាមីន B 6 នឹងមានអាការអស់កម្លាំងល្វើយ ស្ពឹកស្រពន់ចុងដៃ ចុងជើង។ វីតាមីន B 6 ឃើញមានច្រើននៅក្នុងសាច់ត្រី សាច់សត្វ។ល។
វីតាមីន B 12 : ជួយបង្កើនគ្រាប់ឈាម ជួយដល់ដំណើរការរបស់ប្រព័ន្ធប្រសាទផ្នែកកណ្តាល ជួយក្នុងការបឺតជ្រាបរបស់សារធាតុអាហារ ហើយគេឃើញមានច្រើននៅក្នុង ប៊័រ និងសាច់សត្វ។
លោកអ្នកឃើញគុណប្រយោជន៍ច្បាស់ៗ របស់វីតាមីន B នីមួយៗរួចរាល់ហើយ ដូច្នេះ ចូរកុំមើលរំលងអាហារល្អៗ ដែលបានណែនាំខាងលើនោះឱ្យសោះណា៎ សូមថែទាំសុខភាពរបស់អ្នកឲ្យបានល្អ៕