លោក Wang Yi ៖ កម្ពុជា និង ថៃ គឺជាអ្នកជិតខាងល្អ
រដ្ឋធានីប៉េកាំង៖ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានថ្លែងថា កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ។
ការថ្លែងរបស់លោក Wang Yi បែបនេះ ក្នុងពេលមានជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥។
នាឱកាសនោះ លោក Wang Yi ថ្លែងថា «ភាគីចិនបានឃាត់និងជំរុញឱ្យមានពិភាក្សាយ៉ាងសកម្ម ចាប់តាំងពីជម្លោះបានកើតឡើង។ កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ។ យើងសង្ឃឹមថាភាគីទាំងពីរនឹងចាប់យកឱកាសនេះ ដើម្បីពន្លឿនដំណើរការផ្សះផ្សារ»។
លោក Wang Yi បន្ថែមថា «បេសកជនពិសេសរបស់ភាគីចិនកំពុងបំពេញបេសកកម្មសម្របសម្រួលលើកទី៣ ហើយរីករាយក្នុងការផ្តល់ជំនួយយ៉ាងសកម្មស្របតាមការចង់បានរបស់ភាគីទាំងពីរ»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ ខណៈឯកឧត្តមក៏ទើបអញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អ៊ឺរ៉ុបនាពេលថ្មីៗនេះ។
លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការស្វាគមន៍នេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងឯកឧត្តម វ៉ាង យី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន។
ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺជាជម្លោះទឹកដីដ៏រ៉ាំរ៉ៃមួយដែលបានកើតឡើងតាំងពីយូរយារណាស់មកហើយ។ ជម្លោះនេះភាគច្រើនបង្កឡើងដោយការកំណត់ព្រំដែនមិនច្បាស់លាស់តាំងពីសម័យសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដែលបានបែងចែកព្រំដែនរវាងប្រទេសសៀម (ថៃបច្ចុប្បន្ន) និងឥណ្ឌូចិនរបស់បារាំង (កម្ពុជាបច្ចុប្បន្ន)។
ចំណុចសំខាន់ៗនៃជម្លោះមានដូចជា៖ប្រាសាទព្រះវិហារ៖ នេះគឺជាចំណុចកណ្តាលនៃជម្លោះដ៏ធំបំផុត។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចថា ប្រាសាទនេះជារបស់កម្ពុជា ប៉ុន្តែតំបន់ជុំវិញប្រាសាទទទួលនៅមានភាពមិនច្បាស់លាស់។ ជម្លោះនេះបានផ្ទុះឡើងម្តងទៀតនៅឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធរវាងភាគីទាំងពីរ។
ជម្លោះថ្មីៗ៖ ជម្លោះបានកើតឡើងម្តងទៀតនៅឆ្នាំ២០២៥ ដោយសារភាពតានតឹងផ្នែកនយោបាយ និងបញ្ហាផ្សេងៗនៅតាមបណ្តោយព្រំដែន។ ជម្លោះនេះបានបណ្តាលឱ្យមានការបិទច្រកព្រំដែន និងការប៉ះទង្គិចដោយអាវុធដែលបង្កការរងរបួស និងការបាត់បង់ជីវិត។
ជម្លោះព្រំដែនទាំងនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាដល់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែនផងដែរ។ ថ្វីត្បិតតែមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះតាមរយៈការចរចា និងយន្តការទ្វេភាគីក៏ដោយ ក៏បញ្ហានេះនៅតែបន្តជាប្រធានបទរសើបសម្រាប់ប្រទេសទាំងពីរ៕